អាស៊ានប្រឈមមុខនឹងការសាកល្បងយុទ្ធសាស្ត្រ ចំពេលដែលកំពុងមានភាពមិនប្រាកដប្រជាជាសកល
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ -- កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ដែលប្រព្រឹត្តទៅនៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ បានកើតឡើងនៅពេលដែលភាពប្រែប្រួលខាងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចបន្តកាន់តែខ្លាំងឡើងដែលដាក់សម្ពាធលើប្លុកនេះឱ្យពង្រឹងសាមគ្គីភាព បង្កើនភាពធន់ និងបញ្ជាក់ជាថ្មីនូវតួនាទីស្នូលរបស់ខ្លួននៅក្នុងស្ថាបត្យកម្មតំបន់ដែលកំពុងវិវត្តន៍។
កិច្ចប្រជុំកំពូលអាស៊ានបច្ចុប្បន្នកំពុងប្រព្រឹត្តទៅក្នុងបរិបទនៃអស្ថិរភាពធ្ងន់ធ្ងរនៅលើពិភពលោក និងតំបន់។ ភាពតានតឹងនៅមជ្ឈិមបូព៌ាបានបង្កឱ្យមានការប្រែប្រួលតម្លៃថាមពល ខណៈដែលការប្រកួតប្រជែងកាន់តែខ្លាំងឡើងរវាងមហាអំណាចកំពុងបំបែកខ្សែសង្វាក់ផ្គត់ផ្គង់ និងផ្លាស់ប្តូររូបរាងពាណិជ្ជកម្ម។ សម្ពាធទាំងនេះ រួមផ្សំជាមួយនឹងការកើនឡើងនៃអតិផរណានិងការគំរាមកំហែងកាន់តែខ្លាំងឡើងនៃការប្រែប្រួលអាកាសធាតុ និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត កំពុងបង្ខំឱ្យប្លុកនេះរុករកទេសភាពសេដ្ឋកិច្ចដែលកាន់តែស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។
នៅក្នុងផ្ទៃក្នុងប្លុក អាស៊ានប្រឈមមុខនឹងការសាកល្បងសំខាន់ៗចំពោះការឯកភាព និងប្រសិទ្ធភាពរបស់ខ្លួន ជាពិសេសវិបត្តិដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកង្វល់អំពីទឹកដីនៅសមុទ្រខាងកើត។វឌ្ឍនភាពយឺតយ៉ាវនៃក្របខ័ណ្ឌការទូត និងជម្លោះក្នុងតំបន់រវាងរដ្ឋជាសមាជិក បានបង្ហាញពីដែនកំណត់នៅក្នុងយន្តការចូលរួមបច្ចុប្បន្នរបស់ប្លុក។ ដើម្បីរក្សាភាពពាក់ព័ន្ធ អ្នកសង្កេតការណ៍បានណែនាំថា អាស៊ានត្រូវតែយកឈ្នះលើបញ្ហាប្រឈមពីរ ដោយពង្រឹងសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន និងរក្សាតួនាទីស្នូលរបស់ខ្លួននៅក្នុងសណ្តាប់ធ្នាប់តំបន់ដែលកំពុងបែកបាក់។
របៀបវារៈនៃកិច្ចប្រជុំកំពូលនេះផ្តល់អាទិភាពដល់ភាពធន់ក្នុងតំបន់តាមរយៈការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ និងការបង្កើនសន្តិសុខថាមពលនិងស្បៀងអាហារ។ ដើម្បីការពារប្រឆាំងនឹងការប្រែប្រួលទីផ្សារខាងក្រៅប្លុកនេះកំពុងពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈប្រព័ន្ធទូទាត់ឆ្លងដែន និងការដោះដូររូបិយប័ណ្ណ។ សសរស្តម្ភសេដ្ឋកិច្ចដ៏សំខាន់មួយពាក់ព័ន្ធនឹងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅតាមរយៈកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) និងកិច្ចព្រមព្រៀង RCEP ដោយមានគោលបំណងរក្សាកំណើន និងពង្រឹងពាណិជ្ជកម្មឌីជីថលនៅទូទាំងមូលដ្ឋានអ្នកប្រើប្រាស់ដ៏ធំរបស់តំបន់។
ទាក់ទងនឹងសន្តិសុខ និងការអភិវឌ្ឍ អាស៊ានកំពុងបន្តយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយដែលដោះស្រាយសុវត្ថិភាពសមុទ្រ ការគំរាមកំហែងតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែន។ ដោយមានការផ្តោតការយកចិត្តទុកដាក់ឡើងវិញទៅលើការគោរពច្បាប់អន្តរជាតិ ជាពិសេសសន្ធិសញ្ញា UNCLOS ខណៈដែលកំពុងចរចាក្រមប្រតិបត្តិដ៏សំខាន់សម្រាប់សមុទ្រខាងកើត។ គំនិតផ្តួចផ្តើមទាំងនេះបម្រើជាមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលជាផែនទីបង្ហាញផ្លូវរយៈពេលវែង ដែលឧទ្ទិសដល់ការកសាងសហគមន៍តំបន់ដែលមានភាពស៊ីសង្វាក់គ្នា នវានុវត្តន៍ និងបរិយាប័ន្ន។
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៦ ប្រទេសហ្វីលីពីនត្រូវបានគេរំពឹងថានឹងដើរតួនាទីយ៉ាងសកម្មក្នុងការដោះស្រាយចំណុចក្តៅក្នុងតំបន់ និងជំរុញការឯកភាពគ្នា។ ការផ្តោតសំខាន់មួយនៅតែមានទៅលើការបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រខាងកើតតាមរយៈច្បាប់អន្តរជាតិ និងការបញ្ចប់ COC រួមជាមួយនឹងការស្វែងរកយន្តការការទូតដែលអាចបត់បែនបានបន្ថែមទៀតដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ភាពជោគជ័យនៃតំណែងប្រធាននេះនឹងបម្រើជាការសាកល្បងយុទ្ធសាស្ត្រនៃសមត្ថភាពរបស់ប្រទេសហ្វីលីពីនក្នុងការសម្របសម្រួលការឆ្លើយតបរួមចំពោះបញ្ហារសើបទាំងនេះ ខណៈដែលរក្សាស្ថិរភាពក្នុងតំបន់។
ដើម្បីរក្សាឋានៈរបស់ខ្លួនជាមជ្ឈមណ្ឌលកំណើនសកល អាស៊ានកំពុងផ្តល់អាទិភាពដល់សាមគ្គីភាពក្នុងប្លុក និងការធ្វើសមាហរណកម្មនៃកត្តាជំរុញសេដ្ឋកិច្ចថ្មីៗ។ តាមរយៈការប្រើប្រាស់សេដ្ឋកិច្ចបៃតង បញ្ញាសិប្បនិម្មិត និងការផ្លាស់ប្តូរឌីជីថល ប្លុកនេះមានគោលបំណងប្រែក្លាយភាពប្រែប្រួលបច្ចុប្បន្នទៅជាឱកាសសម្រាប់នវានុវត្តន៍។ នៅទីបំផុត កិច្ចប្រជុំកំពូលលើកទី៤៨ តំណាងឱ្យចំណុចសំខាន់មួយសម្រាប់អាស៊ានដើម្បីបង្ហាញពីភាពបត់បែន និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអនាគតដ៏ស៊ីសង្វាក់គ្នា សន្តិភាព និងស្វាហាប់ផ្នែកសេដ្ឋកិច្ច៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





