រដ្ឋបាលក្រុងសំរោងបើកកិច្ចប្រជុំពិនិត្យស្តីពីវឌ្ឍនភាពការងារគណនេយ្យភាពសង្គម សម្រាប់ឆ្នាំ២០២៦
AKP ឧត្តរមានជ័យ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦-- នៅសាលាក្រុងសំរោង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ លោក ឱក សាម៉េត អភិបាលរងក្រុងសំរោង ដឹកនាំកិច្ចប្រជុំ «ស្ដីពីវឌ្ឍនភាពការអនុវត្តការងារគណនេយ្យភាពសង្គម សម្រាប់ឆ្នាំ២០២៦» ដើម្បីពង្រឹងគុណភាពសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ដោយមានការអញ្ជើញចូលរួមពីលោក ម៉ន ណាវី នាយករងទីចាត់ការផែនការ និងវិនិយោគខេត្ត និងជាមន្ត្រីបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្ត លោក សោម វិរៈ មន្ត្រីគាំទ្រកម្មវិធីរបស់អង្គការទស្សនៈពិភពលោក (World Vision) ចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ ជំនួយការហិរញ្ញវត្ថុ និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោក ឱក សាម៉េត បានថ្លែងថា ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការកសាងទំនុកចិត្តរវាងរដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋ។ កិច្ចពិភាក្សាបានផ្ដោតលើចំណុចសំខាន់ៗដែលមានការវាយតម្លៃវឌ្ឍនភាព ដោយពិនិត្យឡើងវិញនូវរាល់សកម្មភាពដែលបានអនុវត្តកន្លងមកក្នុងឆ្នាំ២០២៦ ដើម្បីធានាថាការផ្ដល់សេវារដ្ឋបាល សេវាសុខាភិបាល និងការអប់រំក្នុងមូលដ្ឋាន ប្រព្រឹត្តទៅដោយតម្លាភាព។

លោកបន្តថា ការដោះស្រាយបញ្ហាប្រឈម សិក្សាលើសំណូមពរ និងមតិយោបល់របស់ប្រជាពលរដ្ឋដែលទទួលបានតាមរយៈប្រអប់សំបុត្រ និងវេទិកានានា ដើម្បីកែលម្អចំណុចខ្វះខាតឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះក៏ជាការពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ ដោយបន្តពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរក្រុង សង្កាត់ ជាមួយអង្គការទស្សនៈពិភពលោក ក្នុងការជំរុញឱ្យពលរដ្ឋយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនក្នុងកិច្ចការអភិវឌ្ឍន៍មូលដ្ឋាន។

លោកអភិបាលរងក្រុងបានផ្ដាំផ្ញើដល់អាជ្ញាធរសង្កាត់ និងមន្ត្រីបង្គោលទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារគណនេយ្យភាពសង្គមនេះ ព្រោះវាជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការធ្វើឱ្យការបម្រើសេវាសាធារណៈកាន់តែខិតជិតពលរដ្ឋ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ពួកគាត់៕
ដោយ ទិត ស្រ៊





