ក្រុមហ៊ុនអាកាសចរណ៍ Emirates ភ្ជាប់ការហោះហើរឡើងវិញជាមួយកម្ពុជា និងពិភពលោក ខណៈ ៩៦% នៃបណ្ដាញហោះហើរបានដំណើរការឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី0៧ ខែឧសភា ឆ្នាំ២០២៦--ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងស្ដារប្រតិបត្តិការជើងហោះហើររបស់ខ្លួនបានស្ទើរតែទាំងអស់វិញហើយ ដោយក្នុងនោះ ៩៦% នៃបណ្តាញហោះហើរជាសកលត្រូវបានស្តារឡើងវិញ ក្រោយពីមានការផ្អាកមួយរយៈ។ សម្រាប់ជើងហោះហើរខ្លះ ចាប់ដំណើរការឡើងវិញទាំងស្រុង និងខ្លះចាប់ដំណើរការមួយផ្នែក រាប់ទាំងជើងហោះហើរចេញ និងចូលកម្ពុជា ផង។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានក្រុមហ៊ុនអាកាសចរណ៍ Emirates ។
បើតាមសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានសម្រុកបើកដំណើរការសេវាហោះហើររបស់ខ្លួនឡើងវិញ នៅក្នុងតំបន់អាម៉េរិក អឺរ៉ុប អាហ្វ្រិក អាស៊ីខាងលិច មជ្ឈិមបូព៌ា/GCC អាស៊ីបូព៌ា និងអូសេអានី ដោយរួមទាំងជើងហោះហើរចេញ និងចូល មកប្រទេសកម្ពុជា ផងដែរ។
នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Emirates បានចាប់ផ្តើមជើងហោះហើរប្រចាំថ្ងៃឡើងវិញ ចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ក្នុងរាជធានីភ្នំពេញ ទៅកាន់ទីក្រុងឌូបៃ ដោយឆ្លងកាត់ប្រទេសសិង្ហបុរី និងជើងហោះហើរប្រចាំសប្ដាហ៍ចំនួន ៣ លើក ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ទៅកាន់ទីក្រុងឌូបៃ ដោយឆ្លងកាត់ទីក្រុងបាងកក។ ក្រុមហ៊ុន អាកាសចរណ៍ Emirates បានចាប់ផ្តើមជើងហោះហើរប្រចាំថ្ងៃពីភ្នំពេញ ទៅកាន់ទីក្រុងឌូបៃឡើងវិញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦។
បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍នេះកំពុងដំណើរការហោះហើរទៅកាន់គោលដៅចំនួន ១៣៧ ក្នុងប្រទេសចំនួន ៧២ ជាមួយនឹងជើងហោះហើរសរុបជាង ១ ៣០០ ជើងក្នុងមួយសប្តាហ៍ ដែលស្មើនឹង ៧៥ ភាគរយ នៃសមត្ថភាពហោះហើរមុនពេលមានការរំខានដោយសង្គ្រាម។ ក្រុមហ៊ុនអាកាសចរណ៍ Emirates កំពុងបង្កើនជើងហោះហើរ ចំនួនកៅអីអង្គុយ និងជម្រើសកាន់តែច្រើនថែមទៀតជារៀងរាល់ថ្ងៃ ដោយបង្ហាញឱ្យឃើញថា ក្រុងឌូបៃជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ការធ្វើដំណើរនៅលើពិភពលោក ។
សូមជម្រាបជូនថា ទោះបីជាប្រតិបត្តិការហោះហើរមានកម្រិតតិចជាងមុនក្ដី ប៉ុន្តែ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានដឹកជញ្ជូនអ្នកដំណើរចំនួន ៤.៧ លាននាក់ ក្នុងអំឡុងពេលមានការរំខានដោយសង្គ្រាម ដែលនេះជាសក្ខីភាពមួយបញ្ជាក់ឱ្យឃើញពីតម្រូវការនៃការធ្វើដំណើរ និងទំនុកចិត្តរបស់អ្នកដំណើរមកលើក្រុមហ៊ុនអាកាសចរណ៍ Emirates ក្នុងការនាំអតិថិជនទៅកាន់គោលដៅដែលពួកគាត់ចង់ទៅ៕

ដោយ៖ រិទ្ធី





