អាល់ហ្សេរី និងអេហ្ស៊ីប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រេងឥន្ធនៈ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ -- យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន APS ផ្លូវការរបស់អាល់ហ្សេរី បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ក្រុមហ៊ុនថាមពលយក្សរបស់រដ្ឋអាល់ហ្សេរី Sonatrach បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយសាជីវកម្មប្រេងឥន្ធនៈទូទៅអេហ្ស៊ីប ដោយបើកផ្លូវសម្រាប់កិច្ចសន្យានាពេលអនាគតដើម្បីផ្គត់ផ្គង់ប្រេងឆៅ និងផលិតផលប្រេងពីអាល់ហ្សេរីទៅកាន់ប្រទេសអេហ្ស៊ីប។
ទន្ទឹមនឹងនេះ កិច្ចសន្យាដែលមានតម្លៃជាង ១ប៊ីលានដុល្លារអាម៉េរិកក៏ត្រូវបានចុះហត្ថលេខារវាងក្រុមហ៊ុន Sonatrach ក្រុមហ៊ុន PTTEP របស់ប្រទេសថៃ និងសម្ព័ន្ធក្រុមហ៊ុន Petrojet របស់ប្រទេសអេហ្ស៊ីប និងក្រុមហ៊ុន Arkad របស់ប្រទេសអ៊ីតាលី ដោយមានគោលបំណងអភិវឌ្ឍន៍ដំណាក់កាលទីពីរនៃវាលប្រេង Hassi Bir Rekaiz នៅក្នុងអាង Berkineភាគខាងកើតប្រទេសអាល់ហ្សេរី។ សម្ព័ន្ធក្រុមហ៊ុននេះបានឈ្នះកិច្ចសន្យានេះនៅក្នុងខែតុលា ឆ្នាំ២០២៥។
ថ្លែងនៅក្នុងពិធីចុះហត្ថលេខា រដ្ឋមន្ត្រីក្រសួងអ៊ីដ្រូកាបូន និងរ៉ែអាល់ហ្សេរី លោក ម៉ូហាមេដ អាកាប់ (Mohamed Arkab) បាននិយាយថាកិច្ចព្រមព្រៀងទាំងពីរនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសអាល់ហ្សេរី និងអេហ្ស៊ីប និងការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការតំបន់អារ៉ាប់ និងអាហ្វ្រិក ក៏ដូចជាការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រនៅទូទាំងទ្វីប។
ចំពោះរដ្ឋមន្ត្រីក្រសួងប្រេងកាត និងធនធានរ៉ែអេហ្ស៊ីប លោក ការីម បាដាវី (Karim Badawi) បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការបើកឱកាសថ្មីសម្រាប់វិស័យថាមពល។លោកបានស្វាគមន៍ចំពោះអនុស្សរណៈនៃការយោគយល់គ្នានេះ ដោយកត់សម្គាល់ថា វានឹងជួយសម្រួលដល់ផលិតផលប្រេងឥន្ធនៈអាល់ហ្សេរីចូលទៅក្នុងទីផ្សារអេហ្ស៊ីប៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





