ឯកឧត្តម សុខ លូ ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៤៩គ្រួសារនៅស្រុកសំឡូត
AKP បាត់ដំបង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦–ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងព្រមទាំងសហការី នៅថ្ងៃទី០៦ ខែឧសភាឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន៤៩គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នាពេលកន្លងទៅ ក្នុងនោះ ប៉ះពាល់លើភូមិចំនួន១៣ លើឃុំចំនួន៦ ប្រជាពលរដ្ឋរងគ្រោះសរុប៤៩ខ្នងផ្ទះ(រលំទាំងស្រុងចំនួន៣ខ្នងផ្ទះ ធ្ងន់ធ្ងរចំនួន ២១ខ្នងផ្ទះ និង ដោយអន្លើរចំនួន២៥ខ្នង។


ក្នុងនាមកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ព និងប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមប្រធានក៏បានសំណូមពរ និងក្រើនរំលឹកដល់បងប្អូនទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បន្ថែមទៀតចំពោះគ្រោះមហន្តរាយដោយធម្មជាតិព្រោះថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកបរិសុទ្ធ និងត្រីខ ឃីត ១ និងថវិកាមួយចំនួនដោយដោយឡែកគ្រួសារងគ្រោះរលំទាំងស្រុងបន្ថែម សំពត់តង់១ ផងដែរ ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





