កិច្ចប្រជុំកំពូលអាមេនី-សហភាពអឺរ៉ុបលើកទី១ បានចាប់ផ្តើមនៅទីក្រុងយេរេវ៉ាន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ -- កិច្ចប្រជុំកំពូលទ្វេភាគីលើកដំបូងរវាងសហភាពអឺរ៉ុប និងប្រទេសអាមេនី បានចាប់ផ្តើមកាលពីថ្ងៃអង្គារ នៅរដ្ឋធានីយេរេវ៉ានរបស់ប្រទេសអាមេនី។
កិច្ចប្រជុំដ៏សំខាន់នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំកំពូលសហគមន៍នយោបាយអឺរ៉ុបលើកទី៨ ដែលបាននាំមេដឹកនាំអឺរ៉ុបជាង ៤០រូបមកកាន់ទីក្រុងនេះកាលពីមួយថ្ងៃមុន។
លោកស្រី អ៊ូស៊ុលឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen) ប្រធានគណៈកម្មការសហភាពអឺរ៉ុប និងលោក អេនតូនីញ៉ូ កូស្តា (Antonio Costa) ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប ក៏បានទៅដល់ទីក្រុងយេរេវ៉ានដែរ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស្ស៊ីនយ៉ាន់ (Nikol Pashinyan) សម្រាប់កិច្ចពិភាក្សា ដែលបានបង្ហាញពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងទិដ្ឋភាពនយោបាយរបស់តំបន់។
លោក កូស្តា បានកត់សម្គាល់មុនពេលកិច្ចពិភាក្សាថា «កិច្ចប្រជុំកំពូលដ៏សំខាន់រវាងសហភាពអឺរ៉ុប-អាមេនីនេះនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅ ក៏ដូចជាសម្គាល់នូវការវិនិយោគដ៏សំខាន់មួយក្នុងការបង្កើនសន្តិភាព ការតភ្ជាប់ និងវិបុលភាពនៅក្នុងតំបន់កូកាសាសខាងត្បូង»។
វាកើតឡើងនៅពេលដែលទំនាក់ទំនងរបស់អាមេនីជាមួយរុស្ស៊ីកាន់តែតានតឹងឡើងៗចាប់តាំងពីឆ្នាំ២០២៣ មក។
ខណៈដែលនៅតែជាសមាជិកនៃសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ីដែលដឹកនាំដោយរុស្ស៊ី អាមេនីបានប្រកាសជាផ្លូវការនូវមហិច្ឆតារបស់ខ្លួនក្នុងការស្វែងរកការចូលជាសមាជិកភាពសហភាពអឺរ៉ុប និងបានផ្អាកការចូលរួមរបស់ខ្លួននៅក្នុងអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ដែលដឹកនាំដោយទីក្រុងមូស្គូ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





