ប៉ាគីស្ថានប្រគល់សមាជិកនាវិក ១៥នាក់នៃនាវាដែលសហរដ្ឋអាមេរិករឹបអូសទៅឱ្យអ៊ីរ៉ង់វិញ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ -- យោងតាមមន្ត្រីប៉ាគីស្ថានបានប្រាប់សារព័ត៌មាន Xinhua ថាសមាជិកនាវិកចំនួន ១៥នាក់នៃនាវាអ៊ីរ៉ង់ Touska ដែលសហរដ្ឋអាមេរិករឹបអូសត្រូវបានប្រគល់ជូនអាជ្ញាធរអ៊ីរ៉ង់វិញនៅចំណុចឆ្លងកាត់ព្រំដែនមួយក្នុងស្រុកហ្គ្វាដារ នៃខេត្តបាឡូជីស្ថាន ភាគនិរតីរបស់ប្រទេសប៉ាគីស្ថានកាលពីថ្ងៃចន្ទ។
លោក ណាគីប៊ុលឡាហ៍ កាការ (Naqeebullah Kakar) អនុប្រធានស្នងការស្រុកហ្គ្វាដារ បានបញ្ជាក់ថា ការផ្ទេរនេះត្រូវបានធ្វើឡើងនៅចំណុចតំបន់ឆ្លងកាត់ Gabd-Rimdan នាឆ្នេរសមុទ្រជាប់ព្រំដែនអ៊ីរ៉ង់។
លោក កាការ បានប្រាប់សារព័ត៌មាន Xinhua ថា សមាជិកនាវិកទាំងនោះត្រូវបានប្រគល់ជូនមន្ត្រីអ៊ីរ៉ង់ជាផ្លូវការបន្ទាប់ពីការរៀបចំ និងការសម្របសម្រួលចាំបាច់រវាងភាគីទាំងពីរ។
សមាជិកនាវិកចំនួន ១៥នាក់គឺជាផ្នែកមួយនៃក្រុមជនជាតិអ៊ីរ៉ង់ចំនួន ២២នាក់ដែលត្រូវបានជម្លៀសទៅកាន់ប្រទេសប៉ាគីស្ថានមុននេះ បន្ទាប់ពីត្រូវបានឃុំខ្លួននៅលើនាវាកុងតឺន័រដែលសហរដ្ឋអាមេរិករឹបអូសកាលពីខែមុន។
សមាជិកនាវិកដែលនៅសល់ត្រូវបានគេរំពឹងថានឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសវិញនៅដំណាក់កាលបន្ទាប់។ យោងតាមប្រភពសន្តិសុខបានប្រាប់ស៊ីនហួរក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយថា ខ្លួនបានសម្របសម្រួលការផ្ទេរសមាជិកនាវិកជាវិធានការកសាងទំនុកចិត្តដោយសហរដ្ឋអាមេរិក ដែលពួកគេត្រូវបានហោះហើរទៅកាន់ប្រទេសប៉ាគីស្ថានពេញមួយយប់សម្រាប់ការធ្វើមាតុភូមិនិវត្តន៍បន្តទៅកាន់ប្រទេសអ៊ីរ៉ង់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





