ប្រជាជនហ្សំប៊ីជាង ៨,៧លាននាក់នឹងចូលរួមបោះឆ្នោតនៅក្នុងការបោះឆ្នោតទូទៅឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ -- ស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃចន្ទថា ប្រជាជនហ្សំប៊ីជាង ៨,៧លាននាក់មានសិទ្ធិបោះឆ្នោតក្នុងការបោះឆ្នោតទូទៅនៅឆ្នាំនេះ។
ដោយបានប្រកាសពីការចុះឈ្មោះបោះឆ្នោតដែលមានការបញ្ជាក់បន្ទាប់ពីការចុះឈ្មោះបោះឆ្នោតទ្រង់ទ្រាយធំដែលបានធ្វើឡើងរវាងខែតុលា និងខែវិច្ឆិកា ឆ្នាំមុន គណៈកម្មការរៀបចំការបោះឆ្នោតហ្សំប៊ី (ECZ) បាននិយាយថា មានមនុស្សប្រហែល ៨.៧៨៦.៣០០នាក់បានចុះឈ្មោះផ្លូវការដើម្បីចូលរួមក្នុងការបោះឆ្នោតខែសីហា។
លោក ប្រោន កាសារ៉ូ (Brown Kasaro) ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត ECZ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងលូសាកា រដ្ឋធានីរបស់ប្រទេសថា អ្នកបោះឆ្នោតដែលបានចុះឈ្មោះប្រហែល ៤.០៦៦.៤២៣នាក់គឺជាយុវជន។
លោកបានបន្ថែមថា ក្នុងចំណោមចំនួនសរុប ៤.៦៦៥.៤៣១នាក់ជាស្ត្រី ដែលតំណាងឱ្យ ៥៣.១% ខណៈដែល ៤.១២០.៨៦៩នាក់ជាបុរស ដែលតំណាងឱ្យ ៤៦.៩% ។
មន្ត្រីរូបនោះបានកត់សម្គាល់ថា បញ្ជីឈ្មោះដែលមានការបញ្ជាក់ឆ្លុះបញ្ចាំងពីមណ្ឌលបោះឆ្នោតចំនួន ២២៦ទីតាំង បន្ទាប់ពីបានបញ្ចប់នៃការអនុវត្តលើការកំណត់ព្រំដែនដែលបានបង្កើនចំនួនមណ្ឌលបោះឆ្នោតពី ១៥៦ទីតាំង ដល់ ២២៦ទីតាំង។
ប្រជាជនហ្សំប៊ីនឹងទៅកាន់ការិយាល័យបោះឆ្នោតនៅថ្ងៃទី១៣ ខែសីហា ដើម្បីជ្រើសរើសប្រធានាធិបតី សមាជិកសភា និងសមាជិកក្រុមប្រឹក្សា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





