ឧបនាយករដ្ឋមន្ត្រីចិនជួបជាមួយឧបនាយករដ្ឋមន្ត្រីបែលហ្ស៊ិកស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ -- លោក ហេ លីហ្វេង (He Lifeng) ឧបនាយករដ្ឋមន្ត្រីចិន បានអំពាវនាវឱ្យប្រទេសចិន និងបែលហ្ស៊ិក បន្តប្រពៃណីនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងចិន-បែលហ្ស៊ិក និងចិន-សហភាពអឺរ៉ុប។
លោក ហេ ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយលោក ម៉ាស៊ីម ព្រេវ៉ូត (Maxime Prevot) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសបែលហ្ស៊ិក នៅសាលប្រជុំប្រជាជនធំនៅទីក្រុងប៉េកាំង។
លោក ហេ បានមានប្រសាសន៍ថា ប្រទេសចិន និងបែលហ្ស៊ិក បានបង្កើតទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដែលមានផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតទ្វេភាគីកាលពី ៥៥ឆ្នាំមុន។ លោកបានសង្កត់ធ្ងន់ថា ភាគីទាំងពីរបានអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងជាក់ស្តែងក្នុងវិស័យវេជ្ជសាស្ត្រ ឧស្សាហកម្មគីមី ហិរញ្ញវត្ថុ និងភស្តុភារ ដែលបានជួយទំនាក់ទំនងទ្វេភាគីឱ្យរីកចម្រើនទៅមុខ។
លោកបានបន្ថែមថា ក្នុងនាមជាអ្នកការពារពហុភាគីនិយម និងជាអ្នកគាំទ្រសេដ្ឋកិច្ចពិភពលោកដោយបើកចំហ ប្រទេសចិន និងបែលហ្ស៊ិក គួរតែបន្តប្រពៃណីនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងចិន-បែលហ្ស៊ិក និងចិន-សហភាពអឺរ៉ុប។
លោក ព្រេវ៉ូត បានមានប្រសាសន៍ថា ប្រទេសបែលហ្ស៊ិក និងចិន គឺជាដៃគូសហប្រតិបត្តិការដ៏រួសរាយរាក់ទាក់លើគ្រប់វិស័យ ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសបែលហ្ស៊ិកមានឆន្ទៈក្នុងការយកខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាឱកាសមួយដើម្បីលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗដូចជា សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងរួមគ្នាលើកកម្ពស់ពហុភាគីនិយម និងពាណិជ្ជកម្មសេរី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





