រូបសំណាកព្រះវិស្ណុគង់លើគ្រុឌ ត្រូវបានរដ្ឋបាលខេត្តសៀមរាបយាងមកគង់នៅទីតាំងចាស់វិញហើយ
AKP សៀមរាប ថ្ងៃ០៤ ខែឧសភា ឆ្នាំ២០២៦ -- ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប រួមជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញធ្វើពិធីបួងសួងយាងរូបសំណាកព្រះវិស្ណុគង់លើគ្រុឌពីខេត្តឧត្តរមានជ័យឱ្យគង់កន្លែងដើមវិញ ដែលស្ថិតនៅចំណុចរង្វង់មូលគ្រុឌ ផ្លូវទៅជាតិលេខ៦ ផ្លូវបំបែកទៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦។
រដ្ឋបាលខេត្តបានធ្វើការកែសម្រួលរូបសំណាកនៅរង្វង់មូលមុខវិទ្យាល័យសម្តេចឪ (មុខគ្រុឌ) ផ្លូវទៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ ដោយបានរៀបចំក្រុងពលីបួងសួង សុំយាងព្រះបាទជ័យវរ្ម័នទី៧ ពីចំណុចរង្វង់មូលមុខវិទ្យាល័យសម្តេចឪ (មុខគ្រុឌ) យាងព្រះអង្គទៅគង់នៅវត្តរាជបូណ៌ ហើយនឹងរៀបចំយករូបសំណាកព្រះវិស្ណុគង់លើគ្រុឌ (ដែលជារូបដើម) មកដាក់នៅទីតាំងដើមវិញ។ ជាមួយនេះ ក៏មានការរៀបចំពិធីបួងសួងសុំសេចក្តីសុខសប្បាយជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជាផងដែរ។


សូមបញ្ជាក់ថា រូបសំណាកព្រះវិស្ណុគង់លើគ្រុឌនេះ គឺជារូបសំណាកដែលមានអត្តសញ្ញាណ និងទាក់ទងជិតស្និទ្ធជាមួយប្រវត្តិសាស្ត្រ វប្បធម៌ និងទេសចរណ៍របស់ខេត្តសៀមរាប ដូច្នេះការយាងត្រឡប់ទៅកន្លែងដើមវិញ គឺមានន័យសំខាន់ក្នុងការរក្សាភាពត្រឹមត្រូវនៃទីតាំងប្រវត្តិសាស្ត្រ និងអត្ថន័យសិល្បៈ។ ការដែលរដ្ឋបាលខេត្តសៀមរាបយាងរូបសំណាកព្រះវិស្ណុគង់លើខ្នងគ្រុឌត្រឡប់មកវិញ គឺជាការអនុវត្តតាមគោលការណ៍ថែរក្សា និងគោរពតម្លៃដើមនៃសម្បត្តិវប្បធម៌ និងសិល្បៈជាតិ និងតាមការស្នើសុំពីប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលមានជំនឿទៅលើរូបសំណាកព្រះវិស្ណុគង់លើគ្រុឌនេះ។ ជាពិសេស ទីតាំងរង្វង់មូលផ្លូវជាតិលេខ៦(រង្វង់មូលមុខគ្រុឌ)នេះ គឺជាច្រកចូលសំខាន់មួយសម្រាប់ភ្ញៀវទេសចរណ៍ មុនចូលទៅកាន់តំបន់អង្គរ និងទីក្រុងសៀមរាប។ ដូច្នេះ រូបសំណាក់ព្រះវិស្ណុគង់លើខ្នងគ្រុឌ ត្រូវបានយកទៅដាក់វិញ ដើម្បីបន្តបម្រើជាសញ្ញាសម្គាល់វប្បធម៌ និងជាទេសភាពទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។


ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបយ៉ាងច្រើនកុះករបានឈរអមសងខាងផ្លូវ ដើម្បីទទួលរូបសំណាកព្រះវិស្ណុគង់លើគ្រុឌមកគង់នៅកន្លែងដើមវិញ ដោយពួកគាត់បានបង្ហាញពីការគ្រាំទ្រ និងសប្បាយចិត្តជាខ្លាំង ព្រោះពួកគាត់ចង់បានរូបសំណាកព្រះវិស្ណុគង់លើគ្រុឌឱ្យគង់កន្លែងដើមនេះវិញជាយូមកហើយ ដោយពួកគាត់មានជំនឿថា កាលរូបសំណាកព្រះវិស្ណុគង់លើគ្រុឌគង់នៅទីតាំងដើមនេះ គឺប្រជាពលរដ្ឋតែងតែជួបនូវសេចក្តីសុខច្រើនរហូតមក៕


ដោយ៖ ឃុត សៅ





