អ៊ុយរ៉ាហ្កាយជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ -- លោកស្រី វ៉ាឡេរីយ៉ា ស៊ីស៊ូកាស៊ី (Valeria Csukasi) អនុរដ្ឋមន្ត្រីការបរទេសអ៊ុយរ៉ាហ្កាយ កាលពីពេលថ្មីៗនេះបានជួបជាមួយតំណាងមកពីបណ្តាប្រទេសអាស៊ាននៅទីក្រុងម៉ុនតេវីដេយ៉ូ ដើម្បីបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ប្រទេសអ៊ុយរូហ្គាយក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយតំបន់អាស៊ីអាគ្នេយ៍។
កិច្ចប្រជុំផ្លូវការលើកដំបូងជាប្រវត្តិសាស្ត្ររវាងក្រសួងការបរទេសអ៊ុយរ៉ាហ្កាយ និងឯកអគ្គរដ្ឋទូតអាស៊ាននេះ រួមមានការអញ្ជើញឱ្យប្រទេសអ៊ុយរ៉ាហ្កាយចូលរួមខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅទីក្រុងម៉ានីលនៅខែកក្កដាខាងមុខនេះ ដែលវាបង្ហាញពីការផ្តោតជាយុទ្ធសាស្ត្ររបស់ប្រទេសអ៊ុយរ៉ាហ្កាយទៅលើការពង្រឹងទំនាក់ទំនងជាមួយតំបន់នេះតាមរយៈបណ្តាញការទូត និងសេដ្ឋកិច្ចជាច្រើន។
លោកស្រី ង៉ូ មីញង្វៀត (Ngo Minh Nguyet) ឯកអគ្គរដ្ឋទូតវៀតណាម បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចពិភាក្សា ដោយលោកស្រីបានតស៊ូមតិសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះរវាងវៀតណាម និងទីផ្សាររួមភាគខាងត្បូង (MERCOSUR)។ លោកស្រីបានបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះការចូលរបស់ប្រទេសអ៊ុយរ៉ាហ្កាយទៅក្នុងប្លុកពាណិជ្ជកម្មសំខាន់ៗដូចជា កិច្ចព្រមព្រៀង CPTPP និងកិច្ចព្រមព្រៀងRCEP ជាពិសេសនៅពេលដែលវៀតណាមកំពុងរៀបចំធ្វើជាប្រធានគណៈកម្មការរដ្ឋមន្ត្រី CPTPP ក្នុងឆ្នាំ២០២៦។ ប្រទេសទាំងពីរបានសង្កត់ធ្ងន់ទៅលើមិត្តភាពរយៈពេល ៣៣ឆ្នាំរបស់ពួកគេ ដោយកត់សម្គាល់ថា ចំណងនយោបាយដ៏រឹងមាំ និងការផ្លាស់ប្តូរជាប្រចាំនៅតែជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីរបស់ពួកគេ។
ក្រៅពីពាណិជ្ជកម្ម ប្រទេសទាំងពីរបានស្វែងយល់ពីកិច្ចសហការលើកិច្ចការសមុទ្រ ការគ្រប់គ្រងមហាសមុទ្រប្រកបដោយចីរភាព និងច្បាប់អន្តរជាតិ។ ប្រទេសអ៊ុយរ៉ាហ្កាយបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទៅក្នុងវិស័យមិនមែនប្រពៃណីដូចជាវិស័យថាមពលស្អាត និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលស្របតាមរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិជាដើម។
លើសពីនេះ ក្នុងនាមជាប្រធាន G77 ថ្មី ប្រទេសអ៊ុយរ៉ាហ្កាយបានប្រកាសពីផែនការរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអន្តរជាតិសំខាន់ៗ ដែលបង្ហាញពីតួនាទីកាន់តែធំឡើងរបស់ខ្លួននៅក្នុងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូងជាសកល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





