ឥណ្ឌូណេស៊ីកំណត់គោលដៅជួសជុលសាលារៀនចំនួន ២៨៨.០០០កន្លែងនៅត្រឹមឆ្នាំ២០២៨
AKP ភ្នំពេញ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ -- ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានបង្ហាញពីឆន្ទៈរបស់លោកក្នុងការពន្លឿនកិច្ចខិតខំប្រឹងប្រែងកែលម្អសាលារៀននៅក្នុងប្រទេសឥណ្ឌូណេស៊ី ដោយមានគោលដៅបញ្ចប់ការជួសជុលសាលារៀនទាំង ២៨៨.០០០កន្លែងនៅទូទាំងទីតាំងផ្សេងៗគ្នានៅត្រឹមឆ្នាំ២០២៨។
ខណៈដែលកំពុងពិនិត្យមើលសម្ភារៈនៅវិទ្យាល័យរដ្ឋ Cilacap 1 កាលពីពេលថ្មីៗនេះ លោក ប្រាបូវ៉ូ បានប្រកាសពីផែនការបញ្ចប់ការជួសជុលសាលារៀនចំនួន ៧០.០០០កន្លែងនៅក្នុងឆ្នាំនេះ បន្ទាប់ពីបានបញ្ចប់ការជួសជុលចំនួនសាលារៀនចំនួន ១៧.០០០កន្លែងកាលពីក្នុងឆ្នាំ២០២៥។
លោកបាននិយាយថា នៅឆ្នាំក្រោយ គោលដៅគឺឈានទៅដល់សាលារៀនជាង ១០០.០០០កន្លែង ដោយបង្ហាញក្តីសង្ឃឹមថា សាលារៀនទាំងអស់នឹងត្រូវបានបញ្ចប់ការជួសជុលនៅត្រឹមឆ្នាំ២០២៨។
យោងតាមរូបលោក បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីមានសាលារៀនប្រហែល ២៨៨.០០០កន្លែងនៅទូទាំងប្រទេស។ ដោយមានសាលារៀនសរុបចំនួន ៨៧.០០០កន្លែងត្រូវបានគេរំពឹងថានឹងបញ្ចប់ការជួសជុលរបស់ពួកគេនៅត្រឹមចុងឆ្នាំនេះ ហើយនៅសល់សាលារៀនប្រហែល ២០០.០០០កន្លែងទៀត។
លោកបាននិយាយថា ការកែលម្អ និងការធ្វើឱ្យប្រសើរឡើងទាំងនេះគឺជាការចាំបាច់ ដោយការពិចារណាថា ការអប់រំគឺជាគន្លឹះក្នុងការរស់ឡើងវិញរបស់ប្រទេសជាតិ។
លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលនឹងវិនិយោគយ៉ាងច្រើនទៅលើវិស័យអប់រំសម្រាប់អនាគតប្រទេសជាតិ៕





