សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦
AKP ព្រះសីហនុ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦--សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលមានឯកឧត្តម អ្នកឧកញ៉ា កុក អាន ជាប្រធានកិត្តិយស និងឯកឧត្តម ម៉ាង ស៊ីណេត ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា មានកិត្តិយស សូមអំពាវនាវចំពោះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ខាងមុខនេះ ក្រោមមូលបទ "បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌" ដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមយ៉ាងច្រើនកុះករជួយឧបត្ថម្ភជាថវិកា សម្ភារដល់សាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុពុំខានឡើយ។

ក្រុមការងារទទួលមូលនិធិរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រង់ចាំទទួលសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃនេះតទៅ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ៕
ដោយ ងូ សុមុនី





