ស្នាមញញឹមក្នុងគ្រាលំបាកក្រោមម្លប់នៃក្តីសប្បុរស និងការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ
AKP បន្ទាយមានជ័យ ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២៦--ក្នុងស្មារតី "សង្គ្រោះជីវិត និងលើកកម្ពស់សេចក្តីថ្លៃថ្នូរ" កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋភៀសសឹកនៅក្នុងមណ្ឌលស្នាក់នៅបណ្តោះអាសន្នភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ កំពុងត្រូវបានជំរុញយ៉ាងសកម្ម តាមរយៈការដាក់ចេញនូវយន្តការដោះស្រាយបញ្ហាទឹកស្អាត អនាម័យ និងការស្តារសុខភាពផ្លូវចិត្ត ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា។
នៅក្នុងជំនួបពិភាក្សាជាមួយក្រុមការងារចុះសិក្សាកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នេះ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអ្នកទទួលបន្ទុកគ្រប់គ្រងមណ្ឌលភៀសសឹកផ្ទាល់ បានមានប្រសាសន៍លើកឡើងដោយភាពស្មោះត្រង់ថា ទោះបីជាបច្ចុប្បន្នដំណើរការផ្គត់ផ្គង់ទឹកប្រើប្រាស់ជូនពលរដ្ឋនៅមានកម្រិត និងជួបការរអាក់រអួលខ្លះៗក៏ដោយ ប៉ុន្តែអាជ្ញាធរខេត្តមិនដែលបោះបង់ពលរដ្ឋចោលឡើយ។
លោកបានបញ្ជាក់ថា «យើងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា អង្គការដៃគូ និងក្រុមហ៊ុនក្នុងស្រុក ដើម្បីដោះស្រាយបញ្ហាទឹកតាមរយៈការសាងសង់អណ្តូង និងប្រព័ន្ធចម្រោះទឹកស្អាតដែលមានសុវត្ថិភាព។ ចំណែកបញ្ហាបរិស្ថាន យើងនឹងពង្រឹងការចូលរួមពីពលរដ្ឋ និងកម្លាំងអ្នកស្ម័គ្រចិត្តបន្ថែមទៀត ដើម្បីធានាថាជម្រកបណ្តោះអាសន្ននេះមានអនាម័យល្អ»។

ជាលទ្ធផលជាក់ស្តែង ក្រោមការសម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គម្រោងសាងសង់អណ្តូងទឹកស្អាតចំនួន ២២ ដែលជាអំណោយរបស់កាកបាទក្រហមឥណ្ឌូនេស៊ី កំពុងតែដំណើរការយ៉ាងរលូន។ គិតត្រឹមដំណាច់ខែមេសានេះ អណ្តូងចំនួន ៦ ត្រូវបានបុករួចរាល់ ដែលនេះគឺជាសញ្ញាវិជ្ជមានក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់បំផុតរបស់ពលរដ្ឋក្នុងមណ្ឌល។
ទន្ទឹមនឹងការដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ កត្តាសុខភាពផ្លូវចិត្តរបស់ពលរដ្ឋក៏ជាចំណុចដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុត។ ពលរដ្ឋចំនួន ១០៧ នាក់ (ស្រី ៦៣ នាក់) បានចូលរួមទទួលការអប់រំផ្សព្វផ្សាយអំពីសុខភាពផ្លូវចិត្ត និងការកាត់បន្ថយភាពតានតឹង។អនាម័យទឹកស្អាត និងការការពារខ្លួនពីកម្តៅ (Heatwave)។ វិជ្ជាសង្គ្រោះបឋមសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្ន។

ទោះបីជាបងប្អូនពលរដ្ឋភៀសសឹកនៅតែបង្ហាញក្តីកង្វល់ពីការបាត់បង់ទ្រព្យសម្បត្តិ និងផ្ទះសម្បែងដែលពុំទាន់អាចត្រឡប់ទៅវិញបាន ប៉ុន្តែពួកគាត់បានសម្តែងនូវភាពធូរស្រាលក្នុងចិត្ត បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ ស្បៀងអាហារ និងការគាំទ្រផ្នែកស្មារតីជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរខេត្ត ជាពិសេស ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត។
សូមបញ្ជាក់ថា បេសកកម្មចុះសិក្សានៅមណ្ឌលភៀសសឹកស្លក្រាមនាពេលនេះ មិនត្រឹមតែបង្ហាញពីតួលេខនៃជំនួយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃវប្បធម៌ចែករំលែក និងការមិនទុកពលរដ្ឋណាម្នាក់ឱ្យនៅឯកោក្នុងគ្រាមានអាសន្ន។ ការរួមគ្នារវាងអាជ្ញាធរ ម្ចាស់ជំនួយ និងកាកបាទក្រហម បានក្លាយជាបង្អែកយ៉ាងរឹងមាំសម្រាប់ពលរដ្ឋដែលកំពុងជួបទុក្ខលំបាកទាំងនេះ៕
ដោយ ឈុន សារ៉ាត





