ក្រុមអ្នកសារព័ត៌មានក្នុងស្រុកមានការយល់ដឹងបន្ថែមក្រោយបញ្ចប់ការធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ការអនុវត្តកសិអេកូឡូស៊ីនៅខេត្តសៀមរាប និងកំពង់ធំ
AKP ភ្នំពេញ ថ្ងៃ២៨ ខែមេសា ឆ្នាំ២០២៦ -- ក្រោយពីបញ្ចប់ទស្សនកិច្ចសិក្សាឈ្វេងយល់ពីការអនុវត្តកសិអេកូឡូស៊ីនៅខេត្តសៀមរាប និងខេត្តកំពង់ធំ ដែលរៀបចំឡើងដោយបណ្តាញកសិអេកូឡូស៊ីកម្ពុជា (ALiSEA) សហការជាមួយគម្រោង TETARD នៃអង្គការ GRET ក្រោមកិច្ចសហការគាំទ្រថវិកាដោយភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) រដ្ឋបាលខេត្តអូដឺសែនរបស់ប្រទេសបារាំង (CD92) ភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការស្វីស (SDC) សហភាពអឺរ៉ុប (EU) និងរដ្ឋាភិបាលប្រទេសប៊ែលហ្ស៊ិក (DGD) កាលពីចុងសប្តាហ៍កន្លងទៅនេះ អ្នកសារព័ត៌មានក្នុងស្រុកជិត ៣០នាក់ មកពី ២០ស្ថាប័ន ទទួលបានការយល់ដឹងបន្ថែមពីការអនុវត្តកសិអេកូឡូស៊ី ដែលកសិអេកូឡូស៊ីមានអត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់អ្នកផលិត អ្នកប្រើប្រាស់ និងសម្រាប់បរិស្ថាន។

សូមជម្រាបជូនថា កាលពីសប្តាហ៍កន្លងទៅនេះបណ្តាញ ALiSEA សហការជាមួយអង្គការជាដៃគូ បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាសម្រាប់អ្នកសារព័ត៌មានទៅលើការអនុវត្តកសិអេកូឡូស៊ី នៅខេត្តសៀមរាប និងខេត្តកំពង់ធំ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីកសិអេកូឡូស៊ី និងអត្ថប្រយោជន៍របស់វាសម្រាប់អ្នកប្រើប្រាស់ អ្នកផលិត និងសម្រាប់បរិស្ថាន តាមរយៈការបង្ហាញពីការអនុវត្តកសិអេកូឡូស៊ី គំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតនៅក្នុងសហគមន៍ និងពង្រឹងការយល់ដឹងរួមលើកសិអេកូឡូស៊ី។ផ្សារភ្ជាប់អ្នកសារព័ត៌មានទៅកាន់ប្រភពព័ត៌មានដែលអាចទុកចិត្តបានទាក់ទងនឹងការច្នៃប្រឌិត ផ្នែកកសិកម្ម និងសុវត្ថិភាពចំណីអាហារ។ សម្រួលដល់ការចែករំលែកបទពិសោធន៍ និងផ្សារភ្ជាប់អ្នកសារព័ត៌មានជាមួយអ្នកជំនាញ អាជ្ញាធរមូលដ្ឋាន កសិករ យុវជន និងនិស្សិត និងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានក្នុងស្រុកឱ្យយល់កាន់តែស៊ីជម្រៅអំពីកសិអេកូឡូស៊ីជាដើម។

ក្នុងដំណើរទស្សនកិច្ចសិក្សាឈ្វេងយល់ការអនុវត្តកសិអេកូឡូស៊ីនេះ ក្រុមអ្នកសារព័ត៌មានខាងលើទទួលបានការពន្យល់ពីអ្នកជំនាញកសិអេកូឡូស៊ីរបស់អង្គការ GRET នៅការិយាល័យអង្គការ GRET ក្នុងខេត្តសៀមរាប គឺលោក សុខ សុធា ពីអ្វីទៅដែលហៅថា កសិអេកូឡូស៊ី។
យោងតាមលោក សុខ សុធា បានឱ្យដឹងថា កសិអេកូឡូស៊ី គឺជាវិធីសាស្ត្រមួយដែលរួមបញ្ចូលគោលការណ៍អេកូឡូស៊ីជាមួយសង្គម និងសេដ្ឋកិច្ច វាត្រូវបានអនុវត្តនៅទូទាំងពិភពលោក ដោយបានបង្កើតឡើងក្នុងគោលបំណងដើម្បីគ្រប់គ្រងប្រព័ន្ធកសិកម្ម និងប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាព បង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកសិកម្មរួមគ្នារវាងមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថានជុំវិញ ព្រមទាំងលើកកម្ពស់ប្រព័ន្ធស្បៀង និងសមធម៌សង្គម ដោយបុគ្គលម្នាក់ៗអាចមានសិទ្ធិជ្រើសរើសអ្វីដែលពួកគេចង់បរិភោគ និងជ្រើសរើសរបៀបដែលស្បៀងអាហារទាំងអស់នោះត្រូវបានផលិតឡើង ពោល កសិអេកូឡូស៊ី គឺជាការសិក្សា និងការអនុវត្តកសិកម្មដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងវិទ្យាសាស្ត្រកសិកម្ម និងបរិស្ថានវិទ្យា។ វាលើសពីការដាំដុះធម្មតា ដោយវាផ្តោតលើការបង្កើតប្រព័ន្ធកសិកម្មមួយដែលមាននិរន្តរភាព តុល្យភាពធម្មជាតិ និងមិនប៉ះពាល់ដល់សុខភាពមនុស្ស ឬបរិស្ថាន។

គោលការណ៍សំខាន់ៗនៃកសិអេកូឡូស៊ី រួមមាន ការប្រើប្រាស់ធនធានធម្មជាតិឡើងវិញ ដែលរួមមានការកាត់បន្ថយការនាំចូលធាតុចូលពីខាងក្រៅ (ដូចជាជីគីមី ឬថ្នាំសម្លាប់សត្វល្អិត) ដោយជំនួសមកវិញនូវការប្រើប្រាស់ជីធម្មជាតិ និងការគ្រប់គ្រងសត្វល្អិតតាមបែបជីវសាស្ត្រ។ ភាពចម្រុះនៃជីវចម្រុះ ដែលរួមមានការដាំដុះដំណាំចម្រុះមុខក្នុងពេលតែមួយ ឬការចិញ្ចឹមសត្វរួមគ្នាជាមួយដំណាំ ដើម្បីបង្កើតប្រព័ន្ធការពារគ្នាទៅវិញទៅមក និងបង្កើនជីជាតិដី។ និរន្តរភាពដី និងទឹក ដែលរួមមានការថែរក្សាគុណភាពដីតាមរយៈការដាំដំណាំគម្របដី ការធ្វើជីកំប៉ុស និងការគ្រប់គ្រងប្រភពទឹកឱ្យបានត្រឹមត្រូវ។ យុត្តិធម៌សង្គម ដែលរួមមានការគាំទ្រដល់កសិករខ្នាតតូច លើកកម្ពស់ចំណេះដឹងមូលដ្ឋាន និងការលក់ផលិតផលក្នុងសហគមន៍ផ្ទាល់ ដើម្បីធានាសន្តិសុខស្បៀង។ ចំពោះអត្ថប្រយោជន៍នៃកសិអេកូឡូស៊ីសម្រាប់បរិស្ថាន រួមមានការជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការពារការបំពុលប្រភពទឹកក្រោមដី។ សម្រាប់សេដ្ឋកិច្ច រួមមានការកាត់បន្ថយចំណាយលើការទិញជី និងថ្នាំគីមីថ្លៃៗ ហើយសម្រាប់សុខភាព រួមមានការផ្តល់នូវអាហារដែលគ្មានជាតិពុល និងមានជីវជាតិខ្ពស់។

សរុបមក កសិអេកូឡូស៊ីមិនត្រឹមតែជាបច្ចេកទេសដាំដុះប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាចលនាមួយដើម្បីផ្លាស់ប្តូរប្រព័ន្ធអាហារពិភពលោកឱ្យកាន់តែមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ៕

ដោយ៖ ចាន់ សុភឿន





