យុទ្ធនាការសម្អាតបរិស្ថានទ្រង់ទ្រាយធំ ដើម្បីប្រែក្លាយស្រុកមង្គលបូរីឱ្យមានសោភ័ណភាពស្រស់បំព្រង
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦--ក្រោមស្មារតីរួមគ្នាដើម្បីមាតុភូមិស្អាត និងផាសុកភាព នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦នេះ រដ្ឋបាលស្រុកមង្គលបូរី បានរៀបចំយុទ្ធនាការផ្សព្វ ផ្សាយ និងសម្អាតបរិស្ថានតាមទីផ្សារសាធារណៈយ៉ាងផុសផុល។
យុទ្ធនាការនេះត្រូវបានដឹកនាំដោយ លោក កែវ តុម ប្រធានក្រុមប្រឹក្សាស្រុក និង លោក រ័ត្ន ដាស៊ីណង់ អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរឃុំទាំង១៣ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបជាង ៣២០ នាក់។ 
ក្នុងឱកាសចុះអនុវត្តសកម្មភាពផ្ទាល់ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានសង្កត់ធ្ងន់ថា យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»ឆ្នាំ២០២៦ នេះ មិនមែនធ្វើឡើងត្រឹមតែជាទម្រង់បង្កប់ឡើយ ប៉ុន្តែគឺជាការ «ពញ្ញាក់ស្មារតី» ឱ្យមានការផ្លាស់ប្តូរឥរិយាបថរស់នៅ។
លោកអភិបាលបានមានប្រសាសន៍ថា «ការសម្អាតបរិស្ថាន និងការគ្រប់គ្រងសំរាមនៅតាមទីផ្សារសាធារណៈ គឺជាកាតព្វកិច្ចរបស់យុវជន និងប្រជាពលរដ្ឋគ្រប់រូប។ យើងចង់ឱ្យមន្ត្រីរាជការ កងកម្លាំង និងសិស្សានុសិស្ស ក្លាយជាគំរូឈានមុខក្នុងការថែរក្សាអនាម័យ ដើម្បីឱ្យភូមិ ឃុំ សាលារៀន និងស្រុករបស់យើងមានភាពស្អាតស្រស់បំព្រង ដែលជាមូលដ្ឋានគ្រឹះនៃសុខភាព និងសេចក្តីថ្លៃថ្នូរ»។

យុទ្ធនាការនេះបានដុតបញ្ឆេះស្មារតីស្រឡាញ់បរិស្ថានយ៉ាងខ្លាំងដល់ស្រទាប់សិស្សានុសិស្ស។ ក្មួយៗដែលបានចូលរួមប្រមូលសំរាម និងផ្សព្វផ្សាយអប់រំបរិស្ថាន បានបង្ហាញនូវទឹកមុខសប្បាយ រីករាយ និងមោទនភាពចំពោះសកម្ម ភាពសង្គមមួយនេះ។
តំណាងសិស្សានុសិស្សដែលបានចូលរួម បានលើកឡើងនូវចំណាប់អារម្មណ៍ថា «ពួកខ្ញុំសប្បាយចិត្តណាស់ដែលបានរួមចំណែកធ្វើឱ្យទីផ្សារក្នុងស្រុកយើងស្អាត។ ការចូលរួមថ្ងៃនេះធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់ថា សំរាមដែលយើងចោលខុសកន្លែង វាមិនត្រឹមតែធ្វើឱ្យបាត់បង់សោភ័ណភាពទេ តែវាប៉ះពាល់ដល់សុខភាពយើងទាំងអស់គ្នា»។

សិស្សម្នាក់ទៀតបានបន្ថែមថា«បន្ទាប់ពីយុទ្ធនាការនេះ ខ្ញុំនឹងនាំយកចំណេះដឹងនេះទៅប្រាប់បងប្អូន និងមិត្តភក្តិឱ្យឈប់បោះសំរាមចោលពាសវាលពាសកាល ហើយចេះទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យសាលារៀន និងផ្ទះរបស់យើងស្អាតជានិច្ច»។
យុទ្ធនាការនេះមិនត្រឹមតែជាការរើសសំរាមមួយពេលនោះទេ ប៉ុន្តែជាសារដាស់តឿនដ៏មានឥទ្ធិពលទៅដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្វើចរាចរណ៍ក្នុងផ្សារ ឱ្យបង្កើនការយកចិត្តទុកដាក់លើអនាម័យបរិស្ថាន។

រដ្ឋបាលស្រុកមង្គលបូរី សង្ឃឹមយ៉ាងមុតមាំថា សកម្មភាព «កម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងក្លាយជាទម្លាប់ដ៏ល្អប្រពៃរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីប្រែក្លាយតំបន់នេះឱ្យក្លាយជាកន្លែងរស់នៅប្រកប ដោយផាសុកភាព និងទាក់ទាញបំផុតសម្រាប់ឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត៕
ដោយ ៖ឈុនសារ៉ាត





