ជប៉ុនប្រគល់រថយន្តដឹកសំរាមបន្ថែម ដើម្បីពង្រឹងការគ្រប់គ្រងសំរាមរបស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៦-- រដ្ឋាភិបាលជប៉ុនបានផ្តល់រថយន្តដឹកសំរាមបន្ថែមចំនួន ១០គ្រឿងទៀតដល់ក្រសួងបរិស្ថានកម្ពុជា ដែលជាជំនួយលើកទីបី និងធ្វើឱ្យចំនួនរថយន្តដែលជាជំនួយរបស់ជប៉ុនសរុបកើនឡើងចំនួន ៣០គ្រឿង។
ក្រសួងបរិស្ថានបានឱ្យដឹងថា រថយន្តទាំងនេះត្រូវបានប្រគល់ជាផ្លូវការដោយ ឯកឧត្តម Ueno Atsushi ទៅក្រសួងបរិស្ថានក្នុងពិធីផ្លូវការមួយ ដោយបញ្ជាក់ពីកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងជប៉ុន និងកម្ពុជា ក្នុងកិច្ចគាំពារបរិស្ថាន។

ក្នុងពិធីប្រគល់ និងទទួលជំនួយរថយន្តដឹកសំរាមរបស់ប្រទេសជប៉ុន ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុនចំពោះការគាំទ្រជាបន្តបន្ទាប់ និងបានថ្លែងចាត់ទុកថា ជំនួយនេះចូលរួមចំណែកដ៏មានអត្ថន័យក្នុងការពង្រឹងសមត្ថភាពគ្រប់គ្រងកាកសំណល់នៅថ្នាក់ក្រោមជាតិ។ រថយន្តដឹកសំរាមត្រូវបានបែងចែកបន្តបន្ទាប់ទៅអាជ្ញាធរខេត្តភ្លាមៗ ដែលបានជួយជំរុញឱ្យរដ្ឋបាលមូលដ្ឋានបង្កើនសេវាប្រមូល និងទុកដាក់សំរាមនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានល្អប្រសើរ។

ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា កិច្ចសហប្រតិបត្តិការនេះ បានគាំទ្រយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់កម្ពុជា ដែលមានគោលបំណងលើកកម្ពស់ «ស្អាត បៃតង និងចីរភាព» របស់ប្រទេសកម្ពុជា ជាពិសេសប្រព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យមានភាពប្រសើរឡើង និងពិតជាមានសារៈសំខាន់ក្នុងការសម្រេចបាននូវគោលដៅបរិស្ថានរយៈពេលវែង។ ឯកឧត្តមបានលើកទឹកចិត្តដល់អាជ្ញាធរខេត្តឱ្យថែរក្សាយានយន្តឱ្យបានត្រឹមត្រូវ និងធានាបាននូវការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យបន្តអនុវត្តន៍យុទ្ធនាការដែលបានដាក់ចេញ ដោយក្រសួងបរិស្ថានជាបន្តទៀត និងធ្វើការអំពាវនាវឱ្យកិច្ចខិតខំប្រឹងប្រែង ប្រែក្លាយពីយុទ្ធនាការទាំងនេះដើម្បីវិវត្តទៅជាចលនាសង្គម និងទម្លាប់ប្រចាំថ្ងៃយូរអង្វែងក្នុងចំណោមប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំដល់មន្ទីរបរិស្ថានរាជធានី ខេត្ត ត្រូវបន្តអនុវត្តន៍វិធីសាស្រ្តប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាការបំពុលខ្យល់ ដី និងទឹក។ ឯកឧត្តមបានថ្លែងព្រមានជាថ្មី ដល់ប្រតិបត្តិករប្រមូលសំរាមដែលដុតសំរាម ឬអនុញ្ញាតឱ្យមានភ្លើងឆេះនៅកន្លែងចាក់សំរាមនឹងប្រឈមមុខ នឹងការផ្តន្ទាទោសយ៉ាងតឹងរ៉ឹង រួមទាំងការដកហូតអាជ្ញាបណ្ណរបស់ពួកគេ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមទៀតលើការទទួលខុសត្រូវ និងស្នើឱ្យអាជ្ញាធរសហការចូលរួមកំណត់អត្តសញ្ញាណ និងធ្វើសកម្មភាពទប់ស្កាត់លើប្រភពនៃការបំពុល ឱ្យបានឆាប់រហ័សកុំបង្អង់យូរ។
“ប្រសិនបើមានការបំពុលកើតឡើង មន្ទីរបរិស្ថានត្រូវតែស្វែងរកប្រភពបំពុល និងចាត់វិធានការ” នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត និងបានថ្លែងព្រមានដល់មន្រ្តីបរិស្ថាន ដែលមិនមានការទទួលខុសត្រូវ និងរកប្រភពបំពុលមិនឃើញ ហើយនិយាយថាប្រភពមិនអាចកំណត់អត្តសញ្ញាណបានក្នុងករណីមានការបំពុល មន្រ្តីទាំងនោះគួរតែចុះចេញពីតំណែង។
ឯកឧត្តម បានថ្លែងបន្ថែមថា វិធានការទាំងនេះឆ្លុះបញ្ចាំងពីមន្ត្រីដែលមិនបំពេញកាតព្វកិច្ចរបស់ពួកគេ និងការជំរុញដ៏ទូលំទូលាយរបស់កម្ពុជាក្នុងការពង្រឹងអភិបាលកិច្ចបរិស្ថាន កែលម្អប្រព័ន្ធគ្រប់គ្រងសំរាម និងឈានទៅរកអនាគតដ៏ស្អាត និងមាននិរន្តរភាពជាងមុន៕
ដោយ៖មករា





