ឯកឧត្តមអគ្គនាយកកីឡាដឹកនាំក្រុមប្រតិភូកម្ពុជា២ប្រភេទមកដល់ មាតុប្រទេសវិញ ក្រោយបញ្ចប់ការប្រកួតកីឡាឆ្នេរខ្សាច់ នៅចិន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា និងលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានដឹកនាំក្រុមកីឡាជឺជីតស៊ូ និងកីឡាទ្រីយ៉ាត្លុង ដែលឈ្នះមេដាយប្រាក់១គ្រឿង នៅក្នុងការប្រកួតកីឡាឆ្នេរខ្សាច់ (6th Asian Beach Games Sanya 2026) នៅសាធារណរដ្ឋប្រជាមានិតចិន។

ដំណើរមកដល់របស់ប្រតិភូកីឡាកម្ពុជាលើ២ប្រភេទកីឡានេះទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោកបណ្ឌិត អ៊ុក ឌីវ៉ង់ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា និងប្រធានសហហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា និងលោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា កាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល។

លោក ងិន សុខបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦នេះថា៖«មានអីក្រៅពីសប្បាយរីករាយទេ។ នេះជាមេដាយប្រាក់លើកដំបូងក្នុង Asian Beach Games សម្រាប់ទ្រីយ៉ាត្លុងកម្ពុជា នៅក្នុងការប្រកួត Asian Beach Games លើកទី៦ ដោយនេះជាការចូលរួមប្រកួតលើកដំបូងរបស់ប្រភេទកីឡាទ្រីយ៉ាត្លុង នៅក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតហហ្គេមដ៏ធំរៀងរាល់៤ឆ្នាំម្តងប្រចាំទ្វីបអាស៊ីមួយនេះ។ ការដណ្តើមបានមេដាយ១គ្រឿងនេះជាការផ្តល់ឱកាស និងអាចនិយាយថា យើងមានសមត្ថភាពចូលរួមប្រកួតបន្ត ក្នុង Asian Games ដែលនឹងប្រព្រឹត្តទៅក្នុងខែតុលា ឆ្នាំ ២០២៦ នៅប្រទេសជប៉ុន។

មេដាយប្រាក់១គ្រឿងដណ្តើមបានលើប្រភេទកីឡាទ្រីយ៉ាត្លុង ដោយកីឡាការិនីកូនខ្មែ-បារាំង ម៉ាហ្គត មរកត ហ្គារ៉ាប៊ិឌៀន ដែលឈ្នះមេដាយប្រាក់១គ្រឿង លើវិញ្ញាសា Women Individual Aquathlon (រត់ នឹងហែលទឹក) ជាមេដាយដំបូងដែលជួយជំរុញស្មារតីដល់ក្រុមកីឡាកម្ពុជាផ្សេងទៀតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាលើឆ្នេរខ្សាច់ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦។

លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានគូសបញ្ជាក់ថា នៅក្នុងការប្រកួតកីឡាឆ្នេរខ្សាច់ (6th Asian Beach Games Sanya 2026) នៅសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំ២០២៦នេះ គឺកម្ពុជាបានបញ្ជូន៤ប្រភេទកីឡា មានដូចជាកីឡាទ្រីយ៉ាត្លុង បាល់ទាត់លើតុ ជឺជីតស៊ូ និងចំបាប់ ខណៈពេលនេះ កម្ពុជាដណ្តើមបានមេដាយ២គ្រឿង ក្នុងនោះមេដាយប្រាក់ដណ្តើមបានលើប្រភេទកីឡាទ្រីយ៉ាត្លុង និងមេដាយសំរឹទ្ធ១គ្រឿងទៀតដណ្តើមបានលើប្រភេទកីឡាបាល់ទាត់លើតុ។ ចំពោះ២ប្រភេទកីឡាទៀត គឺបាល់ទាត់លើតុកំពុងបន្តការប្រកួតរហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ទើបបញ្ចប់ ខណៈកីឡាជឺជីតស៊ូបន្តការប្រកួតរហូតដល់ថ្ងៃទី៣០ ខែមេសា ទើបបញ្ចប់ការប្រកួតទាំងស្រុង៕
ដោយ ដោយ ហេង ណាលីន





