អតីតកូនដំរី«ឈូក»ដែលស្ទើរតែបាត់បង់ជីវិតដោយសារអន្ទាក់នោះ ពេលនេះបានទទួលជើងសម្បនិម្មិតថ្មីពី សម្តេចព្រះមហាក្សត្រី
AKP ភ្នំពេញ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦--
ពីកូនដំរីដែលស្ទើរតែបាត់បង់ជីវិតដោយសារអន្ទាក់ក្នុងព្រៃជ្រៅ កាលពីឆ្នាំ២០០៧ មកជាដំរីដ៏រឹងមាំ។រយ:ពេលជិត២០ឆ្នាំកន្លងមកនេះដំរី "ឈូក" មិនត្រឹមតែរស់រានមានជីវិតក្នុងទឹកដីនៃឧទ្យានសួនសត្វភ្នំតាម៉ៅប៉ុណ្ណោះទេ ប៉ុន្តែថ្ងៃនេះ ឈូកមានស្នាមញញឹម និងសេចក្តីសុខជាថ្មី ជាមួយជើងសិប្បនិម្មិតថ្មីសន្លាង។

ក្រសួងកសិកម្មបានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ ឈូក បានទទួលជើងសិប្បនិម្មិតថ្មីចំនួន ០១គ្រឿង ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២ ០០០ដុល្លារ ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផលិតជើងសិប្បនិម្មិតនេះឡើង សម្រាប់ជួយសម្រួលដល់ការដើររបស់ឈូកឱ្យកាន់តែប្រសើរ។

គួរបញ្ជាក់ផងដែរថា ការមើលថែ ដំរីឈូក ឱ្យមានសុខភាពល្អ និងមានលទ្ធភាពដើរបានធម្មតាវិញ គឺជាកិច្ចខំប្រឹងប្រែងរួមគ្នារវាង អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃនៃក្រសួងកសិកម្ម អង្គការសម្ព័ន្ធមិត្តសត្វព្រៃ(Wildlife Alliance) និងអ្នកថែទាំដែលនៅជាប់ជាមួយឈូកទាំងយប់ទាំងថ្ងៃ។
សូមសាធារណជនទាំងអស់បន្តចូលរួមគាំទ្រកិច្ចការអភិរក្សសត្វព្រៃ និងការងារថែទាំសត្វនៅឧទ្យានជាតិភ្នំតាម៉ៅ ដើម្បីរួមចំណែកជំរុញនិរន្តរភាពធនធានសត្វព្រៃនៅកម្ពុជា៕
ដោយ មករា





