អភិបាលខេត្តបន្ទាយមានជ័យចុះជួបសំណេះសំណាល និងនាំយកអំណោយសប្បុរសជន ចែកជូនពលរដ្ឋភៀសសឹកជិត ៣,០០០គ្រួសារ នៅស្រុកស្វាយចេក
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦--
ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជាពីសំណាក់ភាគីថៃនាពេលកន្លងមកនេះ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ចែកជូនដល់បងប្អូនពលរដ្ឋភៀសសឹកប្រមាណ ៣,០០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងតំបន់ផ្ទះអតីតយុទ្ធជន ស្ថិតក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងការអាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែតាមដានជាប់ជាប្រចាំនូវស្ថានភាពរស់នៅរបស់បងប្អូនពលរដ្ឋភៀសសឹកទាំងអស់។
ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនដែលបោះបង់ចោលពលរដ្ឋណាម្នាក់ឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ការរៀបចំឱ្យបងប្អូនមកស្នាក់នៅបណ្តោះអាសន្ននៅតំបន់ផ្ទះអតីតយុទ្ធជននេះ គឺជាវិធានការចាំបាច់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈដែលស្ថានភាពនៅតាមបន្ទាត់ព្រំដែនមិនទាន់មានភាពប្រក្រតី។

ថ្លែងទៅកាន់បងប្អូនពលរដ្ឋភៀសសឹក ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា «ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជននានា ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនយើង។ អំណោយទាំងនេះ មិនត្រឹមតែជាស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាទឹកចិត្ត និងការសាមគ្គីភាពរបស់ខ្មែរជួយខ្មែរ ក្នុងគ្រាមានអាសន្ន»។
ឯកឧត្តមបានពន្យល់បន្ថែមថា មូលហេតុដែលបង្ខំឱ្យបងប្អូនប្រមាណ ៣,០០០គ្រួសារ ត្រូវចាកចេញពីភូមិឋានមកស្នាក់នៅក្នុងជម្រកភៀសសឹកនេះ គឺដោយសារតែការរំលោភបំពាន និងការឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់ភាគីថៃ ដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពនៃការរស់នៅរបស់ពលរដ្ឋតាមព្រំដែន។

ទោះជាយ៉ាងណា ឯកឧត្តមបានផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី កំពុងខិតខំដោះស្រាយបញ្ហានេះតាមផ្លូវច្បាប់ និងការទូតយ៉ាងហ្មត់ចត់ ដើម្បីការពារទឹកដី និងនាំយកសន្តិភាពពេញលេញនៅតាមព្រំដែនជូនបងប្អូនវិញក្នុងពេលឆាប់ៗខាងមុខ។
អំណោយដែលបានចែកជូនដល់គ្រួសារនីមួយៗនៅថ្ងៃនេះ រួមមានស្បៀងអាហារបម្រុង ចង្កៀងបំភ្លឺ សម្ភារប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួន ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃរបស់បងប្អូនក្នុងជំរំ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ រក្សាសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ និងត្រូវមានសេចក្តីសង្ឃឹមជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងស្ថិរភាពសង្គម៕
ដោយ ឈុន សារ៉ាត





