ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកម្លាំងចុះត្រួតពិនិត្យវាយតម្លៃអំពីការកាប់ទន្ទ្រានព្រៃឈើនៅសហគមន៍អូរក្រញូងឃុំមានរិទ្ធ
AKP កំពង់ធំ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦--
ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋអំពីការកាប់ទន្ទ្រានព្រៃឈើនៅក្នុងព្រៃសហគមន៍អូរក្រញូង ស្ថិតនៅក្នុងភូមិជាំស្វាយ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ខេត្តកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំសហការី រួមជាមួយមន្ត្រីស្ថាប័នជំនាញរដ្ឋបាលព្រៃឈើ និងប្រធានសហគមន៍ព្រៃឈើអូរក្រញូង បានទៅត្រួតពិនិត្យវាយតម្លៃ អំពីស្ថានភាពខូចខាតដោយកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងចាត់វិធានការគ្រប់គ្រងការពារ ព្រមទាំងរៀបចំកសាងសំណុំរឿងដើម្បីអនុវត្តវិធានការច្បាប់។

លោក ម៉ៅ ធា ប្រធានសហគមន៍ព្រៃឈើអូរក្រញូង បានរាយការណ៍ថា ផ្ទៃដីសហគមន៍ព្រៃឈើអូរក្រញូង មានទំហំសរុបជាង១៦០០ហិកតា បច្ចុប្បន្ននៅសល់ប្រមាណជាង១២០០ហិកតា ដែលកំពុងធ្វើការគ្រប់គ្រងការពារ ហើយផ្ទៃដីព្រៃឈើជាង៤០០ហិកតាទៀត ត្រូវបានរងការកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធពីសំណាក់ជនល្មើសមួយចំនួនកាលពីបណ្តាឆ្នាំកន្លងទៅ។

លោក ហេង លីហួ នាយសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ បានបញ្ជាក់ថា ផ្ទៃដីព្រៃឈើសហគមន៍អូរក្រញូងដែលបានរងការកាប់ទន្ទ្រានក្នុងពេលត្រួតពិនិត្យនេះ មានទំហំ៩ហិកតា ១៥អា ក្នុងនោះ តាមការវាយតម្លៃ ផ្ទៃដីប្រមាណជាង៣ហិកតា ត្រូវបានរងការកាប់ទន្ទ្រាននៅឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ ដោយឡែកផ្ទៃដីជាង៦ហិកតាទទៀតអាចក្រុមជនល្មើសលួចកាប់ទន្ទ្រាននាបណ្តាឆ្នាំកន្លងទៅ ហើយទើបធ្វើការដុត និងសម្អាត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ព្រៃឈើ ដែលយើងកំពុងធ្វើការការពារ និងអភិរក្ស សម្រាប់បម្រើសេចក្តីត្រូវការរបស់សង្គមជាតិ និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំឱ្យសមត្ថកិច្ចជំនាញ សហការជាមួយ ប្រធានសមាគមព្រៃឈើអូរក្រញូង ត្រូវស្រាវជ្រាវវែករកមុខសញ្ញាកាប់ទន្ទ្រានព្រៃឈើសហគមន៍អូរក្រញូងនេះឱ្យឃើញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ភេសជ្ជៈ និងបានប្រគល់ភារកិច្ចដល់កងកម្លាំងត្រូវបង្កើនបន្ថែមក្នុងការការពារ នៅក្នុងតំបន់ព្រៃសហគមន៍អូរក្រញូងនេះ។ ត្រូវការពារឱ្យបានដាច់ខាត មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មីនិងត្រូវគ្រប់គ្រងឱ្យបានម៉ឺងម៉ាត់នូវផ្ទៃដី ដែលបានលួចកាប់ទន្ទ្រានរួចហើយនេះ មិនត្រូវឱ្យបាត់បង់ ឬមានការដាំដុះដំណាំអ្វីឡើយ ដើម្បីឱ្យព្រៃឈើធម្មជាតិ ដុះលូតលាស់ឡើងវិញទុកជាសម្បត្តិរបស់រដ្ឋ៕
ដោយ ស៊ុម វណ្ណា





