ក្រុមហ៊ុនទូរគមនាគមន៍ណាមីប៊ី និងអង់ហ្គោឡា ពង្រឹងការតភ្ជាប់ឌីជីថលក្នុងតំបន់ និងអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ -- ប្រតិបត្តិករទូរគមនាគមន៍ជាតិនៃប្រទេសណាមីប៊ី និងអង់ហ្គោឡា បានពង្រឹងការតភ្ជាប់ឌីជីថលក្នុងតំបន់ និងអន្តរជាតិ ជាមួយនឹងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងលក្ខខណ្ឌពាណិជ្ជកម្ម (CTA) កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមប្រតិបត្តិករទូរគមនាគមន៍ជាតិរបស់ប្រទេសណាមីប៊ី(Telecom Namibia) កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យប្រតិបត្តិករទូរគមនាគមន៍ Angola Telecom ទទួលបានសមត្ថភាពអន្តរជាតិតាមរយៈការចុះចតខ្សែកាប Equiano Subsea Cable របស់ប្រតិបត្តិករទូរគមនាគមន៍Telecom Namibia នៅទីក្រុងស្វាកូបមូដ ខណៈពេលដែលកំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការកាន់តែស៊ីជម្រៅដែលភ្ជាប់ទៅនឹងប្រព័ន្ធខ្សែកាបក្រោមទឹកតំបន់អាហ្វ្រិកខាងត្បូង (SARSSy) ដែលជាខ្សែកាបអ៊ីនធឺណិតក្រោមទឹកថ្មីមួយដែលកំពុងត្រូវបានបង្កើតឡើងដោយប្រតិបត្តិករទូរគមនាគមន៍ Angola Telecom។
ការចុះហត្ថលេខាដែលបានធ្វើឡើងនៅក្នុងទីក្រុងស្វាកូបមូដ ត្រូវបានធ្វើជាសាក្សីដោយមន្ត្រីរដ្ឋាភិបាល ដែលរួមមានរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងនៃប្រទេសណាមីប៊ី លោកស្រី អេមម៉ា ថេអូហ្វេលូស (Emma Theofelus) និងរដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងសង្គមរបស់ប្រទេសអង់ហ្គោឡា លោក ម៉ារីអូ អសហ្គឺស្ដូ ដា ស៊ីលវ៉ា អូលីវឺរ៉ា (Mario Augusto da Silva Oliveira) ។
លោកស្រី ថេអូហ្វេលូស បានមានប្រសាសន៍ថា «តាមរយៈភាពជាដៃគូនេះ ប្រទេសណាមីប៊ីកំពុងទាញយកអត្ថប្រយោជន៍ពីការវិនិយោគជាយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងហេដ្ឋារចនាសម្ព័ន្ធឌីជីថលអន្តរជាតិ ជាពិសេសប្រព័ន្ធខ្សែកាបក្រោមទឹក Equiano ដើម្បីពង្រីកការចូលប្រើប្រាស់ហួសពីព្រំដែនរបស់យើង»។
លោកស្រីបានបន្ថែមថា ការសម្រេចចិត្តភ្ជាប់ប្រព័ន្ធ SARSSy ទៅប្រព័ន្ធ Equiano តាមរយៈទីក្រុងស្វាកូបមូដ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការជាក់ស្តែងដែលមានឫសគល់នៅក្នុងសេដ្ឋកិច្ចដ៏រឹងមាំ និងការអនុវត្តល្អបំផុតជាសកល។
សមភាគីរបស់លោកស្រី លោក អូលីវឺរ៉ា បានកត់សម្គាល់ថា គំនិតផ្តួចផ្តើមនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសអង់ហ្គោឡា និងណាមីប៊ី ខណៈពេលដែលលោកបានលើកឡើងអំពីគម្រោងនេះថាជា «គម្រោងនៃចក្ខុវិស័យនិងអនាគត ដែលភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ រួមបញ្ចូលទីផ្សារ និងនាំមនុស្សឱ្យកាន់តែជិតស្និទ្ធគ្នា»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





