កងទ័ពកូរ៉េខាងត្បូង និងកាណាដា ចាប់ផ្តើមការហ្វឹកហ្វឺនយោធាបច្ចេកវិទ្យាបែបទំនើបជាលើកដំបូងនៅសប្តាហ៍នេះ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ -- មន្ត្រីកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃសុក្រនេះថា កងទ័ពកូរ៉េខាងត្បូង និងកាណាដា បានចាប់ផ្តើមសមយុទ្ធយោធាបច្ចេកវិទ្យាបែបទំនើបរួមគ្នានៅប្រទេសកូរ៉េខាងត្បូងជាលើកដំបូងកាលពីដើមសប្តាហ៍នេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងយោធាទ្វេភាគីរវាងប្រទេសទាំងពីរ។
សមយុទ្ធរយៈពេល ១១ថ្ងៃដែលដំណើរការរហូតដល់ថ្ងៃទី៣០ខែមេសា កំពុងដំណើរការនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រយុទ្ធកូរ៉េ (KCTC) ដែលជាកន្លែងដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់សមយុទ្ធលើដីជាក់ស្តែងនៅក្នុងស្រុកភ្នំអ៊ីនជេ មានចម្ងាយប្រហែល ១២៥គីឡូម៉ែត្រភាគឦសាននៃទីក្រុងសេអ៊ូល។
ក្រុមទាហាន ៤៤នាក់មកពីកងវរសេនាធំកាណាដា ដែលជាកងវរសេនាធំមួយបានបម្រើការក្នុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣ ត្រូវបានដាក់ពង្រាយដើម្បីហ្វឹកហាត់ជាមួយកងទ័ពកូរ៉េខាងត្បូងមកពីកងពលធំថ្មើរជើងទី៧។
ការហ្វឹកហាត់រួមគ្នានេះកើតឡើងនៅពេលដែលកងទ័ពកាណាដាបានទៅទស្សនកិច្ចកូរ៉េខាងត្បូងដើម្បីរំលឹកខួបលើកទី៧៥ នៃសមរភូមិដ៏សំខាន់មួយដែលបានកើតឡើងនៅក្នុងស្រុកហ្គេបយ៉ុង ភាគខាងជើងក្នុងខែមេសាឆ្នាំ១៩៥១ នៅពេលដែលសង្គ្រាមរយៈពេលបីឆ្នាំបានឈានដល់ចំណុចកំពូល។
កងទ័ពប្រមាណ ២០០០នាក់នៃកងពលតូចលេខ២៧ របស់ចក្រភពអង់គ្លេស រួមទាំងកងទ័ពកាណាដា បានចូលរួមក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារយៈពេលបីថ្ងៃប្រឆាំងនឹងកងកម្លាំងចិន នៅចំណុចកំពូលនៃសង្គ្រាមកូរ៉េ។
ពិធីផ្លូវការមួយដើម្បីរំលឹកខួបនេះត្រូវបានកំណត់ឱ្យធ្វើឡើងនៅថ្ងៃសុក្រនេះ ដោយមានអ្នកចូលរួម រួមទាំងប្រមុខកងទ័ពនៃប្រទេសចំនួនបួនរបស់ចក្រភពអង់គ្លេស គឺប្រទេសកាណាដា អង់គ្លេស អូស្ត្រាលី និងនូវែលសេឡង់ និងកូរ៉េខាងត្បូង អនុប្រធានបញ្ជាការកងកម្លាំងចម្រុះកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក និងបញ្ជាការអង្គការសហប្រជាជាតិ។
ប្រទេសកូរ៉េខាងត្បូង និងកាណាដា បាននឹងកំពុងស្វះស្វែងរកការជំរុញទំនាក់ទំនងការពារជាតិ និងឧស្សាហកម្មអាវុធ ខណៈដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) និងនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខាណី (Mark Carney) បានយល់ព្រមពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេក្នុងវិស័យការពារជាតិសន្តិសុខ និងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់យោធាក្នុងអំឡុងពេលកិច្ចពិភាក្សាកំពូលកាលពីឆ្នាំមុន៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





