បុគ្គលិកអនាម័យសម្អាតក្នុងព្រឹត្ដការណ៍នគរសង្ក្រាន៧០៦នាក់ ទទួលអំណោយលើកទឹកចិត្ដពីឯកឧត្ដម ហ៊ុន ម៉ានី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦-- ដោយការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបានប្រតិបត្តិការផ្ទាល់ បោសសម្អាតអនាម័យក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦នៅរាជធានីភ្នំពេញចំនួន ៧០៦នាក់ ទទួលបានអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគ ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជាជាមួយរដ្ឋបាលរាជធានីភ្នំពេញ។ ពិធីចែកអំណោយខាងលើនេះបានធ្វើឡើងនាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងបរិវេណសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានអរគុណចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានជ្រើសរើសយករាជធានីភ្នំពេញធ្វើជាកន្លែងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត”ឆ្នាំ២០២៦នៅរាជធានីភ្នំពេញរយ:ពេល៦ថ្ងៃពីថ្ងៃទី១៤ដល់ ថ្ងៃទី១៩ ខែមេសានេះដែលបានបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ក្នុងគោលបំណងអបអរសាទរឆ្នាំថ្មី គាំទ្រផលិតផលខ្មែរ បង្ហាញពីការសាមគ្គីភាព ក្រោមម្លប់សន្តិភាពប្រកបដោយសុខសុវត្ថិភាព។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា៖ ព្រឹត្តិការណ៌នគរសង្ក្រាន្ត រាជធានីភ្នំពេញ មានប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិចូលរួមអបអរសាទរ ចំនួន៦លាន៦សែននិង៧ម៉ឺននាក់ ដែលបានធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ១។ភាពជោគជ័យទាំងអស់នេះ គឺមិនអាចផ្តាច់បានពីការលះបង់របស់អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចរបស់យើង ពិសេស គឺបុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលប្រតិបត្តិការផ្ទាល់ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលធ្វើឱ្យនគរសង្ក្រាន្ត មានបរិស្ថានល្អស្អាតនិងស្រស់បំព្រង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ គោលបំណង បង្កើតឱ្យមានកម្មវិធីជួបជុំសំណេះ សំណាលនេះ គឺដើម្បីអរគុណចំពោះបុគ្គលិកសម្អាតអនាម័យ ទាំងរដ្ឋនិងក្រុមហ៊ុនឯកជនក៏ដូចជាកងកម្លាំងប្រជាការពារទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តនិងភាពសប្បាយរីករាយក្នុងគ្រួសារ មកបំរើការងារនៅព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលធ្វើឱ្យនគរសង្ក្រាន្តទទួលបានជោគជ័យយ៉ាងធំធេង។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)បានថ្លែងការអរគុណយ៉ាងជ្រាលជ្រៅចំពោះគណ:បញ្ជាការឯកភាពរដ្ឋបាលរាជធានឋិភ្នំពេញដែលមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានរួមជាមួយកងកម្លាំងមានសមត្ថកិច្ចទាំងអស់បានយកចិត្តទុកដាក់ការពារក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត”ឆ្នាំ២០២៦នៅរាជធានីភ្នំពេញរយ:ពេល៦ថ្ងៃកន្លងទៅនេះ សន្តិសុខពុំមានហេតុការណ៍ណាមួយ បង្កជាគ្រោះថ្នាក់ធំដុំអ្វីឡើយ ។ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកដើរលេងកម្សាន្តដោយទឹកមុខសប្បាយ រីករាយដោយស្នាមញញឹមមានសាមគ្គីភាពក្រោមម្លប់សន្តិភាពនិងប្រកបដោយសុវត្ថិភាព។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ ការបង្កើតឱ្យមានព្រឹត្តិការណ៍នគរសង្ក្រាន្តនេះ យើងបានគិតគូវែងឆ្ងាយណាស់ ពាក់ព័ន្ធនិងទាហានជួរមុខនិងជនភៀសសឹក។យើងសប្បាយរីករាយក្នុងឱកាសចូលឆ្នាំថ្មី តែយើងមិនបានភ្លេចទាហានជួរមុខនិងជនភៀសសឹកឡើយ។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តទៀងថា៖ អំណោយដែលប្រគល់ជូនបុគ្គលិកសម្អាតអនាម័យ និងប្រជាការពារ ដែលបានប្រតិបត្តិការផ្ទាល់ ក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តនេះ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដោយក្នុង ០១នាក់ៗ ទទួលបាន អង្គរចំនួន ២៥គីឡូក្រាម,ទឹកត្រី-ទឹកស៊ីអ៊ីវចំនួន ០១ យូរ (ស្មើ ០៦ដប), ទឹកបរិសុទ្ធចំនួនៈ ០១ កេស,ភេសជ្ជៈចំនួនៈ ០១ កេស,មីចំនួន ០១ កេសតូចនិងថវិកាចំនួន ៥០,០០០រៀល៕
ដោយ សួស សំរិត





