អង្គការ World Vision ដាក់ឱ្យអនុវត្តគម្រោង«កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា នៅជនបទក្នុងខេត្តកំពង់ធំ»
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦--គម្រោង«កែលម្អគុណភាពអប់រំថ្នាក់បឋមសិក្សា និងលើកកម្ពស់ការបង្រៀន និងរៀនរបស់កុមារកម្ពុជានៅជនបទក្នុងប្រទេសកម្ពុជា»ត្រូវបានអង្គការ World Vision ប្រកាសដាក់ឱ្យអនុវត្តនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ ដែលគម្រោងនេះទទួលបានមូលនិធិពីរដ្ឋាភិបាលជប៉ុនតាមរយៈក្រសួងការបរទេសជប៉ុន ។
ការប្រកាសដាក់ឱ្យអនុវត្តគម្រោងនេះគឺដើម្បីគាំទ្រការសិក្សាដល់សិស្សបឋមសិក្សាជាង ២៤០០នាក់ នៅក្នុងសាលាបឋមសិក្សាចំនួនប្រាំមួយ ក្នុង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គម្រោងនេះនឹងផ្តោតសំខាន់ទៅលើ ការពង្រឹងសមត្ថភាពគ្រូបង្រៀន តាមរយៈការអនុវត្តជាចម្បងនូវកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន និងការអនុវត្តមេរៀនបន្ថែមដោយផ្អែកលើការវាយតម្លៃការសិក្សា ការគាំទ្រដល់ការកែលម្អបរិយាកាសសិក្សា តាមរយៈ និង ការជួសជុល និងរៀបចំសម្ភារៈបរិក្ខារថ្មីៗ ការផ្តល់ឧបករណ៍សិក្សា និងធនធានបង្រៀនផ្នែកឌីជីថល ។


តាមរយៈគម្រោងនេះ អង្គការ World Vision មានគោលបំណងបង្កើតឱកាសកាន់តែប្រសើរសម្រាប់កុមារគ្រប់រូបក្នុងការរៀនសូត្រ រីកចម្រើន និងឆ្ពោះទៅរកសក្តានុពលពេញលេញរបស់ពួកគេ ៕

ដោយ ណយ នឿន (ប្រភព៖World Vision)





