ម៉ាឡេស៊ីផ្តោតការយកចិត្តទុកដាក់ឡើងវិញលើវិស័យទេសចរណ៍លើទីផ្សារដែលមានស្ថិរភាព ដើម្បីជំរុញភាពធន់
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ -- ប្រទេសម៉ាឡេស៊ីកំពុងឈានទៅរកការពង្រឹងវិស័យទេសចរណ៍របស់ខ្លួន ដោយផ្តោតការយកចិត្តទុកដាក់ឡើងវិញលើទីផ្សារដែលមានស្ថិរភាពជាងមុន រួមទាំងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អូស្ត្រាលី ឥណ្ឌា និងអាស៊ីបូព៌ា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាការទៅដល់របស់ភ្ញៀវទេសចរ និងប្រាក់ចំណូលក្នុងចំណោមភាពមិនប្រាកដប្រជាទូទាំងពិភពលោក។
យុទ្ធសាស្ត្រនេះកើតឡើង ខណៈដែលការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិត្រូវបានរំខានដោយភាពតានតឹងដែលកំពុងបន្តកើតមាននៅមជ្ឈិមបូព៌ា ដែលប៉ះពាល់ដល់ផ្លូវហោះហើរជាច្រើន។
ថ្លែងតាមទូរទស្សន៍កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ី លោក អាកម៉ាល់ ណាស្រ៊ុលឡោះ ម៉ូដ ណាសៀ (Akmal Nasrullah Mohd Nasir) បាននិយាយថា ការអនុវត្តនេះត្រូវបានគាំទ្រដោយក្រុមប្រឹក្សាសកម្មភាពសេដ្ឋកិច្ចជាតិ ដើម្បីធានាថា វិស័យទេសចរណ៍នៅតែមានភាពធន់នៅក្នុងបរិយាកាសពិភពលោកដែលមានភាពប្រែប្រួលកាន់តែខ្លាំងឡើង។
លោកបានសង្កត់ធ្ងន់ថា ក្នុងចំណោមភាពមិនប្រាកដប្រជាយូរអង្វែងវិស័យទេសចរណ៍មិនគួរត្រូវបានមើលឃើញតែជាកត្តាជំរុញនៃចំនួនភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពសំខាន់នៃប្រាក់ចំណូលប្តូរប្រាក់បរទេសផងដែរ ដែលជួយកាត់បន្ថយសម្ពាធសេដ្ឋកិច្ចខាងក្រៅ។
យោងតាមលោករដ្ឋមន្ត្រី បានឱ្យដឹងថា អត្ថប្រយោជន៍នៃទេសចរណ៍លាតសន្ធឹងហួសពីក្រុមហ៊ុនអាកាសចរណ៍ និងសណ្ឋាគារ ដែលបង្កើតផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងទូលំទូលាយសម្រាប់ប្រតិបត្តិករផ្ទះសំណាក់មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកផ្តល់សេវាដឹកជញ្ជូន ភោជនីយដ្ឋាន អ្នកលក់ដូរតាមដងផ្លូវ អ្នកលក់រាយ អ្នកផលិតសិប្បកម្ម និងអាជីវកម្មខ្នាតតូចផ្សេងៗទៀត។
លោកបាននិយាយថា ឥទ្ធិពលនេះ គឺមានសារៈសំខាន់ណាស់ក្នុងការរក្សាឧស្សាហកម្មខ្នាតតូច ការរក្សាសកម្មភាពអាជីវកម្ម និងធានាបាននូវប្រាក់ចំណូលស្ថិរភាពសម្រាប់សហគមន៍ក្នុងតំបន់។
លោក អាកម៉ាល់ ណាស្រ៊ុលឡោះ ក៏បានគូសបញ្ជាក់ពីតម្រូវការសម្រាប់ប្រទេសម៉ាឡេស៊ីក្នុងការលើកកម្ពស់បន្ថែមទៀតនូវចំណុចខ្លាំងរបស់ខ្លួនជាគោលដៅដែលមានស្ថិរភាព និងអាចចូលទៅដល់បាន ដែលគាំទ្រដោយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលមានការអភិវឌ្ឍល្អ និងការផ្គត់ផ្គង់ថាមពលក្នុងស្រុកគ្រប់គ្រាន់ដើម្បីគាំទ្រដល់សកម្មភាពទេសចរណ៍ផងដែរ។
ក្នុងនាមជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួន យុទ្ធនាការ«ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦» ត្រូវបានពង្រីកដល់ឆ្នាំ២០២៧ ដើម្បីផ្តល់ពេលវេលាបន្ថែមទៀតសម្រាប់ទីផ្សារទេសចរណ៍ពិភពលោកក្នុងការស្តារឡើងវិញ ជាមួយនឹងគោលដៅទទួលបានអ្នកទេសចរអន្តរជាតិ ៤៧លាននាក់ និងបង្កើតប្រាក់ចំណូលទេសចរណ៍ចំនួន ៣២៩ប៊ីលានរីងហ្គីត(ប្រហែល ៨៣ប៊ីលានដុល្លារអាម៉េរិក)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





