អាស៊ាន និងរុស្ស៊ី ត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូលខួបលើកទី៣៥
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ -- អាស៊ាន និងរុស្ស៊ីកំពុងរៀបចំយ៉ាងសកម្មសម្រាប់កិច្ចប្រជុំកំពូលរំលឹកខួបលើកទី៣៥ នៃទំនាក់ទំនងរបស់ពួកគេ។ នេះបើយោងតាមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-រុស្ស៊ី (SOM) លើកទី២២ ដែលបានធ្វើឡើងនៅទីក្រុងកាហ្សាន់របស់ប្រទេសរុស្ស៊ី ដែលបានធ្វើឡើងកាលពីថ្ងៃទី២០-២១ ខែមេសា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានការចូលរួមពីអនុរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់មកពីរដ្ឋសមាជិកអាស៊ានទាំង១១ និងរុស្ស៊ី។
ក្នុងពិធីបើកកិច្ចប្រជុំ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អេនដ្រេយ រូដេនកូ (Andrey Rudenko) ប្រធាន SOM អាស៊ាន-រុស្ស៊ី បានបញ្ជាក់សារជាថ្មីថា រុស្ស៊ីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាស៊ាន និងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ព្រមទាំងគាំទ្រស្ថាបត្យកម្មតំបន់ដែលមានអាស៊ានជាចំណុចកណ្តាល។ ដោយកត់សម្គាល់ថា ឆ្នាំ២០២៦ នឹងជាខួបលើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី (ឆ្នាំ១៩៩១-២០២៦) លោក រូដេនកូ បានអំពាវនាវឱ្យភាគីទាំងពីរកសាងសមិទ្ធផលដែលមានស្រាប់ និងជំរុញភាពជាដៃគូ។
អ្នកចូលរួមបានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ និងបានកត់សម្គាល់ថា ទំនាក់ទំនងអាស៊ាន-រុស្ស៊ីនៅតែបន្តរីកចម្រើនលើគ្រប់វិស័យ។ អត្រាអនុវត្តផែនការសកម្មភាពអាស៊ាន-រុស្ស៊ីសម្រាប់ឆ្នាំ២០២១-២០២៥ ដែលបានពង្រីកដល់ចុងឆ្នាំ២០២៦ បានឈានដល់ ៨២%។ទំនាក់ទំនងនយោបាយ និងសន្តិសុខបានកើនឡើងតាមរយៈកិច្ចចរចាកម្រិតខ្ពស់ និងតួនាទីសកម្មរបស់រុស្ស៊ីនៅក្នុងវេទិកាដឹកនាំដោយអាស៊ានដែលគាំទ្រដោយកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ជំរុញសន្តិសុខសាយប័រ និងទប់ស្កាត់ការជួញដូរគ្រឿងញៀន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





