ព្រះខ័នរាជស្វាយរៀង តាមស្មើ ១-១ ជាមួយ Bangkok United FC បញ្ចប់ពូល B ASEAN Club Championship Shopee Cup
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦--ក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជាបានបញ្ចប់បេសកកម្ម នៅក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់ក្លឹបកំពូលអាស៊ីអាគ្នេយ៍ ២០២៥-២០២៦ (ASEAN Club Championship Shopee Cup 2025/2026 ក្នុងពូល B បន្ទាប់ពីបានរក្សាបានត្រឹមលទ្ធផលស្មើគ្នា ១-១ ជាមួយក្រុម Bangkok United FC របស់ថៃ កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅកីឡដ្ឋានទឹកដីកណ្តាល ប្រទេសវៀតណាម។

នៅក្នុងការប្រកួតនេះ កីឡាករ Rungrath របស់ Bangkok United FC បានបើកការនាំមុខ ១ទល់០ លើក្រុមព្រះខ័នរាជស្វាយរៀង នៅនាទី១៦ ហើយនៅនាទី៤៥បូក១ កីឡាករ សារ៉េត គ្រីយ៉ា របស់ព្រះខ័នរាជស្វាយរៀងធ្វើសម្រេចបាន១គ្រាប់តាមស្មើ ១-១ វិញ។ ចូលដល់វគ្គទី២ ក្រុមទាំងពីរមិនមានគ្រាប់បាល់បន្ថែមទៀតឡើយ។ នេះជាការប្រកួតចុងក្រោយរបស់របស់ក្រុមទាំងពីរ នៅក្នុងពូល B ដោយ៥ប្រកួតរបស់ព្រះខ័នរាជស្វាយរៀង ឈ្នះ២ ស្មើ២ និងចាញ់១ មាន ៨ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល B ខណៈ៥ប្រកួតរបស់ Bangkok United FC របស់ថៃ ឈ្នះ១ ស្មើ២ និងចាញ់២ មាន៥ពិន្ទុ ឈរលេខ៤ ក្នុងពូល។

ការប្រកួត ASEAN Club Championship Shopee Cup 2025/2026 មាន១២ក្លឹបចូលរួមប្រជែងជើងឯក ដោយចែកចេញជាពីរពូល ក្នុង១ពូលៗ មាន៦ក្រុមស្មើៗគ្នា។ សម្រាប់៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួមមាន៖ ក្រុម Selangor (ម៉ាឡេស៊ី) ប៉ះ ក្រុម Nam Định (វៀតណាម) ខណៈក្រុម Johor Darul Ta'zim (ម៉ាឡេស៊ី) ប៉ះក្រុមBuriram United (ថៃ) ដោយជើងទី១ គ្រោងធ្វើឡើងនាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ និងជើងទី២ កាត់សេចក្តីនឹងធ្វើឡើង នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ ក្រុមឈ្នះៗ២ក្រុមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គ្រោងនឹងប្រកួតដណ្តើមជើងឯក នៅវគ្គផ្តាច់ព្រ័ត្រ ដោយជើងទី១ គ្រោងធ្វើឡើងនាថ្ងៃទី២០ ខែឧសភា និងជើងទី២ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦៕


ដោយ ហេង ណាលីន (រូបភាព៖ ក្លឹបព្រះខ័នរាជស្វាយរៀង)





