កម្ពុជាស្វាគមន៍ចំពោះមីយ៉ាន់ម៉ាដែលបានលើកលែងទោសបុគ្គលជាង៤ពាន់នាក់មានអតីតប្រធានាធិបតី និងបន្ធូរបន្ថយទោសដល់លោកស្រី អ៊ុង សានស៊ូជី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦---កម្ពុជាបានប្រកាសស្វាគមន៍ចំពោះប្រទេសមីយ៉ាន់ម៉ាដែលបានលើកលែង ទោសបុគ្គលជាង ៤.០០០នាក់ រួមទាំងអតីតប្រធានាធិបតី លោក U Win Myint ព្រមទាំងការបន្ធូរបន្ថយទោសដល់លោកស្រី អ៊ុង សានស៊ូជី( Aung San Suu Kyi) ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីមីយ៉ាន់ម៉ា។នេះបើតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ ស្តីពីការវិវត្តថ្មីៗនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

ថ្លែងការណ៍របស់ក្រសួងការបទេសបានបញ្ជាក់យ៉ាងដូច្នេះថា៖"កម្ពុជាស្វាគមន៍ចំពោះការដោះលែងអ្នកជាប់ឃុំឃាំង ក្រោមសេចក្តីសម្រេចដែលចេញដោយប្រធានាធិបតី នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយបានលើកលែងទោសបុគ្គលជាង ៤.០០០នាក់ រួមទាំងអតីតប្រធានាធិបតី លោក U Win Myint ព្រមទាំងការបន្ធូរបន្ថយទោសដល់លោកស្រី Aung San Suu Kyi ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីមីយ៉ាន់ម៉ា"។

ក្រសួងការបរទេសកម្ពុជាហៅការណ៍នេះ គឺជាការវិវត្តវិជ្ជមាន និងមានសារៈសំខាន់មួយ ដែលស្របតាមការរំពឹងទុករបស់អាស៊ាន និង ជួយបង្កើតបរិយាកាសឱ្យកាន់តែអំណោយផលសម្រាប់កិច្ចសន្ទនា និងការផ្សះផ្សាជាតិ។ កម្ពុជាចង់ឃើញ ជំហានវិជ្ជមានបន្ថែមទៀត ដែលអាចកសាងទំនុកចិត្ត និងជំរុញបុព្វហេតុសន្តិភាព។
ជាមួយគ្នានោះដែរកម្ពុជាមានសុទិដ្ឋិនិយមចំពោះការវិវត្តវិជ្ជមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងសង្ឃឹមយ៉ាងមុតមាំថា ភាគី ទាំងអស់អាចធ្វើការរួមគ្នាឆ្ពោះទៅរកបទឈប់បាញ់នៅទូទាំងប្រទេស និងការផ្សះផ្សាជាតិ។ ក្នុងន័យនេះ កម្ពុជា បានប្តេជ្ញាធ្វើការរួមគ្នាជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ដោយផ្អែកលើធម្មនុញ្ញអាស៊ាន និងកិច្ចព្រម ព្រៀងកុងសង់ស៊ុសប្រាំចំណុច (5PC) ដើម្បីជួយឱ្យប្រទេសមីយ៉ាន់ម៉ាវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ តាមរយៈដំណើរការនយោបាយ ដែលមានលក្ខណៈបរិយាបន្ន ដឹកនាំ និងម្ចាស់ការដោយប្រទេសមីយ៉ាន់ម៉ា៕
ដោយ៖ ប៊ុនរិទ្ធ





