កិច្ចសន្ទនាធុរកិច្ចឆ្នាំ ២០២៦ ប្រព្រឹត្តឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នៅទីស្នាក់ការនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦--ក្រោមការរៀបចំដោយសហការរវាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានិងសមាគមធុរកិច្ចវៀតណាម-កម្ពុជា (VCBA)។ លោក ង្វៀន មិញ វូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅកម្ពុជា អញ្ជើញជា អធិបតីក្នុងកិច្ចសន្ទនានេះ រួមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឧកញ៉ា ឡេង រិទ្ធី ប្រធាន VCBA។

ប្រតិភូប្រមាណ ២០០ នាក់ រួមមានពាណិជ្ជការ អាជីវករវៀតណាម ពាណិជ្ជការ អាជីវករ ដើមកំណើតវៀតណាម ដែលកំពុងវិនិយោគនិងធ្វើប្រតិបត្តិការនៅកម្ពុជា និងពាណិជ្ជការ អាជីវកក្នុងវិស័យថែទាំសុខភាព ទេសចរណ៍ បច្ចេកវិទ្យាព័ត៌មាន បរិវត្តកម្មឌីជីថល និងកសិកម្មក៏អញ្ជើញចូលរួមផងដែរ។ ក្រៅពីនៅះក៏មាន ការចូលរួមពីគណៈប្រតិភូធុរកិច្ចមកពីប្រទេសវៀតណាម ដូចជាគណៈប្រតិភូ ខេត្ត តៃនិញ ខេត្ត យ៉ាឡាយ ទីក្រុង ហូជីមិញ ទីក្រុង កឹនធើ ខេត្ត ឡឹមដុង និងសមាគមពាណិជ្ជករវៀតណាមនៅបរទេស (BAOOV)...នេះគឺជាវេទិកាប្រចាំឆ្នាំដែលរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការវិនិយោគ ពាណិជ្ជកម្មនិងទេសចរណ៍ ចែករំលែក បទពិសោធន៍ រវាង សហគ្រិនជុំវិញសកម្មភាពវិនិយោគ អាជីវកម្មនៅទីផ្សារកម្ពុជា លើកកម្ពស់សកម្មភាពវិនិយោគនិងអាជីវកម្ម របស់សហគ្រិន វៀតណាម នៅប្រទេសកម្ពុជា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរនាពេលខាងមុខ។


នៅក្នុងកិច្ចសន្ទនានេះ លោកឯកអគ្គរដ្ឋទូត ង្វៀន មិញវូ អ្នកឧកញ៉ា គិត ម៉េង លោក ជា វុទ្ធី លោក ហូ ស៊ីវយ៉ុង និង ឧកញ៉ា ឡេង រិទ្ធី បានអញ្ជើថ្លែងសុន្ទរកថានៅក្នុងពិធីបើក។វេទិកាកិច្ចសន្ទនាផ្តោតសំខាន់ទៅលើតួនាទីរបស់សហគមន៍ ធុរកិច្ចវៀតណាម-កម្ពុជាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍ រវាងប្រទេសទាំងពីរ បច្ចុប្បន្នភាពព័ត៌មានអំពីគោលនយោបាយទាក់ទាញការវិនិយោគនិងឱកាសវិនិយោគនៅប្ររទេសកម្ពុជា គោលនយោបាយពាណិជ្ជកម្ម តម្រូវការនាំចូលនិងនាំចេញសម្រាប់ទីផ្សារកម្ពុជានិងឱកាសអាជីវកម្មសម្រាប់សហគមន៍ធុរកិច្ចនៅប្រទេសទាំងពី គឺវៀតណាម និងកម្ពុជា។
ក្នុងវេនពិភាក្សាជាក្រុមក្នុងក្របខណ្ឌនៃកិច្ចសន្ទនាធុរកិច្ចនេះ អ្នកចូលរួមបានចែករំលែកព័ត៌មានអំពីគោលនយោបាយ ស្វែងរកឱកាសវិនិយោគនិងអាជីវកម្មក្នុងវិស័យថែទាំសុខភាព បច្ចេកវិទ្យាព័ត៌មាន បរិវត្តកម្មឌីជីថល និងកសិកម្ម ពិភាក្សា គ្នាជុំវិញសកម្មភាពធ្វើអាជីវកម្មជាក់ស្ដែង និងលើកជាសំណើចំពោះរដ្ឋាភិបាល រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ សិរី ឧត្តម





