មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន ដើម្បីពង្រឹងសមត្ថភាពផ្សព្វផ្សាយដល់សហគមន៍
AKP ឧត្តរមានជ័យ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ -- នៅមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ កាលពីថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ មានការរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ក្រោមជាតិ លើឧបករណ៍ផ្សព្វផ្សាយសកល (កម្រិតទី១) ស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន ដើម្បីពង្រឹងសមត្ថភាពផ្សព្វផ្សាយដល់សហគមន៍។
វវគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីលោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ ស្លោម គឹមឡន សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោកជំទាវ ហ៊ូ សាមិត្ត បានមានប្រសាសន៍ថា ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីបង្គោលលើការងារសង្គមកិច្ច គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងសហគមន៍ឱ្យមានសុខុមាលភាព និងការរីកចម្រើនក្នុងការចិញ្ចឹមកុមារឱ្យមានការលូតលាស់ និងមានសុខុមាលភាពល្អ។
លោកជំទាវបានបន្តថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង និងបច្ចេកទេសគ្រប់គ្រាន់ដល់មន្ត្រីបង្គោលថ្នាក់ក្រោមជាតិ និងអ្នកស្ម័គ្រចិត្តភូមិឱ្យមានសមត្ថភាពអាចទៅគាំទ្រ និងផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ ។ ការយល់ដឹងអំពីការចិញ្ចឹមកូនបែបវិជ្ជមាន នឹងជួយឱ្យមាតាបិតាមានវិធីសាស្ត្រត្រឹមត្រូវក្នុងការអប់រំ និងបីបាច់ថែរក្សាកុមារឱ្យរីកចម្រើនទាំងស្មារតី និងកាយសម្បទា ជៀសផុតពីអំពើហិង្សាគ្រប់ទម្រង់។

លោកស្រី ឯក សុភារុំ បានលើកឡើងថា មន្ទីរកិច្ចការនារីខេត្ត សូមថ្លែងអំណរគុណដល់មន្ត្រីបង្គោលថ្នាក់ក្រោមជាតិ និងអ្នកស្ម័គ្រចិត្តភូមិ ដែលខិតខំប្រឹងប្រែងយកចិត្តទុក្ខដាក់លើមុខជំនាញ ដើម្បីយកចំណេះដឹងនេះទៅធ្វើការផ្សព្វផ្សាយក្នុងមូលដ្ឋាន ជួយឱ្យមាតាបិតាមានវិធីសាស្ត្រត្រឹមត្រូវក្នុងការអប់រំ និងបីបាច់ថែរក្សាកុមារ។

លោកស្រីប្រធានមន្ទីរ ក៏បានជំរុញ និងគាំទ្រដល់មន្ត្រីជំនាញក្នុងការចូលរួមរាល់វគ្គបណ្តុះបណ្តាលនានា ដើម្បីយកចំណេះដឹងទាំងនោះមកបម្រើ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែមានភាពស៊ីវិល័យ និងពោរពេញដោយក្ដីស្រឡាញ់ក្នុងគ្រួសារ៕
ដោយ៖ ទិត ស្រ៊





