អាមេរិក និងអ៊ីរ៉ង់ ព្រមានថា ត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម ខណៈដែលកិច្ចចរចាស្ថិតក្នុងភាពមិនច្បាស់លាស់
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ -- សហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាលពីពេលថ្មីៗនេះបានព្រមានថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាម ខណៈដែលពេលវេលាកំពុងរំកិលទៅមុខសម្រាប់បទឈប់បាញ់ ដោយមានភាពមិនប្រាកដប្រជាទៅលើកិច្ចចរចាដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសថានឹងបន្តកិច្ចចរចាឡើងវិញនៅក្នុងប្រទេសប៉ាគីស្ថាន។
សេតវិមានបាននិយាយថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី វែនស៍ (JD Vance) បានត្រៀមខ្លួនរួចជាស្រេចដើម្បីហោះត្រឡប់ទៅរដ្ឋធានីអ៊ីស្លាម៉ាបាដរបស់ប្រទេសប៉ាគីស្ថានវិញ ដែលកំពុងរៀបចំសម្រាប់កិច្ចចរចាជុំទីពីរ ស្តីពីការបញ្ចប់សង្គ្រាម ដែលបានលេបត្របាក់មជ្ឈិមបូព៌ានិងធ្វើឱ្យទីផ្សារពិភពលោករង្គោះរង្គើ។
ប៉ុន្តែរដ្ឋាភិបាលដែលដឹកនាំដោយបព្វជិតរបស់ទីក្រុងតេអេរ៉ង់ បានបដិសេធមិនបញ្ជាក់ថាខ្លួននឹងចូលរួមទេ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភលើបទឈប់បាញ់តាមរយៈការបិទកំពង់ផែអ៊ីរ៉ង់ និងការរឹបអូសនាវាមួយ។
យោងតាមសម្ដីរបស់លោក ម៉ូហាំម៉ាដ បាកឺរ ហ្កាលីបាហ្វ(Mohammad Bagher Ghalibaf) ប្រធានសភាដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់ដែលបានដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចចរចាកាលពីពីរសប្តាហ៍មុននៅប្រទេសប៉ាគីស្ថាន បាននិយាយថា «ដោយការដាក់កំហិត និងការរំលោភលើបទឈប់បាញ់ លោក ត្រាំ ចង់ប្រែក្លាយតុចរចានេះទៅជាតុចុះចាញ់ ឬបង្ហាញអំពីភាពត្រឹមត្រូវនៃអរិភាពឡើងវិញ ដូចដែលលោកយល់ឃើញថាសមរម្យ»។
លោកបានសរសេរនៅលើបណ្តាញសង្គមអ៊ិចថា «យើងមិនទទួលយកការចរចាក្រោមស្រមោលនៃការគំរាមកំហែងទេ ហើយក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ យើងបានត្រៀមខ្លួនបង្ហាញសន្លឹកបៀថ្មីនៅលើសមរភូមិ»។
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានអំពីការកំណត់គោលដៅលើនាវាណាមួយដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រហ័រមុសដោយគ្មានការអនុញ្ញាត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





