លោក ដូណាល់ ត្រាំ បន្តបទឈប់បាញ់របស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ខណៈដែលបទឈប់បាញ់រយៈពេលពីរសប្តាហ៍បច្ចុប្បន្ននឹងត្រូវផុតកំណត់នៅយប់ថ្ងៃពុធ។
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social ថា«ដោយផ្អែកលើការពិតដែលថា រដ្ឋាភិបាលអ៊ីរ៉ង់កំពុងបែកបាក់យ៉ាងធ្ងន់ធ្ងរដោយមិននឹកស្មានដល់នោះទេ ហើយតាមការស្នើសុំរបស់សេនាប្រមុខ អាស៊ីម មុនៀរ (Asim Munir) និងលោកនាយករដ្ឋមន្ត្រី សេហ៍បាស សារីហ្វ(Shehbaz Sharif) នៃប្រទេសប៉ាគីស្ថាន យើងត្រូវបានស្នើសុំឱ្យផ្អាកការវាយប្រហាររបស់យើងទៅលើប្រទេសអ៊ីរ៉ង់រហូតដល់ពេលដែលមេដឹកនាំ និងតំណាងរបស់ពួកគេអាចចូលរួមជាមួយនឹងសំណើររួមមួយ»។
ប្រធានាធិបតីសហរដ្ឋអាមេរិកបាននិយាយថា លោកនឹងបន្តបទឈប់បាញ់រហូតដល់ពេលដែលសំណើរបស់ពួកគេត្រូវបានដាក់ជូន ហើយការពិភាក្សាត្រូវបានបញ្ចប់ តាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀត។
លោក ត្រាំ បាននិយាយថា យោធាអាម៉េរិកនឹងបន្តការបិទផ្លូវប្រឆាំងនឹងអ៊ីរ៉ង់ ហើយនៅតែត្រៀមខ្លួន និងមានសមត្ថភាព។
លោក ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា វាមិនទំនងទាល់តែសោះសម្រាប់លោកក្នុងការបន្តបទឈប់បាញ់ ប៉ុន្តែនៅព្រឹកថ្ងៃអង្គារ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកថា លោកមិនចង់ធ្វើដូច្នោះទេ ដោយរំពឹងថាសហរដ្ឋអាមេរិកនឹងបញ្ចប់ដោយកិច្ចព្រមព្រៀងដ៏អស្ចារ្យជាមួយអ៊ីរ៉ង់ ខណៈដែលកំពុងគំរាមវាយប្រហារអ៊ីរ៉ង់ម្តងទៀត ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយកើតឡើងទេនោះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





