សហរដ្ឋអាមេរិកព្រមានកូរ៉េខាងត្បូងអំពីការពឹងផ្អែកលើបច្ចេកវិទ្យារបស់ចិន និងឧបសគ្គផ្នែកបទប្បញ្ញត្តិ
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ -- សហរដ្ឋអាមេរិកកំពុងបង្កើនសម្ពាធលើប្រទេសកូរ៉េខាងត្បូងឱ្យឈប់ប្រើប្រាស់បច្ចេកវិទ្យាចិន និងលុបចោលបទប្បញ្ញត្តិដែលត្រូវបានចាត់ទុកថាមិនអំណោយផលដល់ក្រុមហ៊ុនរបស់អាម៉េរិក ដោយមន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងសេអ៊ូលត្រូវធ្វើការជ្រើសរើសនៅចំពោះមុខសត្រូវដែលកំពុងធ្វើឱ្យសម្ព័ន្ធភាពចុះខ្សោយ។
នៅក្នុងវីដេអូដែលបានថតទុកជាមុននៅឯសិក្ខាសាលាប្រចាំឆ្នាំ ស្តីពីការធ្វើអាជីវកម្មនៅកូរ៉េខាត្បូងរបស់សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកូរ៉េខាងត្បូង (AMCHAM) នៅទីក្រុងសេអ៊ូល លោក មីឈែល ដឺសំប្រេ (Michael DeSombre) ជំនួយការរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានព្រមានអំពីចលនារបស់ប្រទេសចិនក្នុងការជំរុញឱ្យមានជម្លោះរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដោយហៅប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកនេះថា ជា «សត្រូវក្នុងតំបន់»។
លោកបាននិយាយថា «សាធារណរដ្ឋកូរ៉េមានជម្រើសដែលត្រូវធ្វើ។ ខ្ញុំជឿជាក់ថា ខ្លួននឹងបន្តជ្រើសរើសដៃគូដែលគួរឱ្យទុកចិត្ត ប្រព័ន្ធដែលមានតម្លាភាព និងបច្ចេកវិទ្យាដែលគោរពដល់ភាពឯកជន សន្តិសុខ និងនីតិរដ្ឋ»។
ដោយគូសបញ្ជាក់ពីកិច្ចព្រមព្រៀង ស្តីពីវិបុលភាពបច្ចេកវិទ្យា ដែលបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-សហរដ្ឋអាមេរិកកាលពីខែតុលាឆ្នាំមុន អ្នកការទូតជាន់ខ្ពស់រូបនេះបានបង្ហាញពីចេតនារបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទាញយកអត្ថប្រយោជន៍ពីភាពជាដៃគូនេះ ដើម្បីទប់ស្កាត់ការប៉ុនប៉ងរបស់ទីក្រុងប៉េកាំងក្នុងការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនដើម្បីបង្កើនឥទ្ធិពលនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
លោក ដឺសំប្រេ បាននិយាយថា «គ្រោះថ្នាក់នៃការពឹងផ្អែកលើគំរូចិននិងបច្ចេកវិទ្យាចិន គឺជារឿងពិត។ ប្រព័ន្ធដែលកសាងលើហេដ្ឋារចនាសម្ព័ន្ធដែលមិនគួរឱ្យទុកចិត្ត បានបង្កើតភាពងាយរងគ្រោះដែលអាចត្រូវបានកេងប្រវ័ញ្ចសម្រាប់ការឃ្លាំមើល ការបង្ខិតបង្ខំ និងការគ្រប់គ្រង»។
លោកបានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់ការគ្រប់គ្រងការនាំចេញ យន្តការត្រួតពិនិត្យការវិនិយោគ និងគំនិតផ្តួចផ្តើមខ្សែសង្វាក់ផ្គត់ផ្គង់ ដោយពណ៌នាអំពីពួកគេថា ជា «ឧបករណ៍សំខាន់ៗ» ដើម្បីការពារវិបុលភាព និងតម្លៃរួមគ្នា មិនមែនវិធានការនៃការការពារនិយមនោះទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





