នាយករដ្ឋមន្ត្រីចិនអំពាវនាវឱ្យមានការកែលម្អរចនាសម្ព័ន្ធថាមពល
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីចិន លោក លីឈៀង (Li Qiang) បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រសិទ្ធភាពរចនាសម្ព័ន្ធថាមពលរបស់ប្រទេសចិន និងធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់នៅក្នុងប្រព័ន្ធថាមពល ដើម្បីផ្តល់ការគាំទ្រថាមពលដ៏រឹងមាំសម្រាប់ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍដែលមានគុណភាពខ្ពស់របស់ប្រទេសចិន។
លោក លី បានធ្វើការកត់សម្គាល់នេះ ខណៈដែលធ្វើជាអធិបតីក្នុងវគ្គសិក្សាជាក្រុមនៃក្រុមប្រឹក្សារដ្ឋ ស្តីពីការអភិវឌ្ឍថាមពល។
លោក លី បាននិយាយថា ក្នុងចំណោមការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនៅក្នុងទេសភាពអន្តរជាតិ និងកំណើនជាបន្តបន្ទាប់នៃការប្រើប្រាស់ថាមពលរបស់ប្រទេសចិន ប្រទេសនេះត្រូវតែបង្កើនភាពធន់នៃប្រព័ន្ធថាមពលរបស់ខ្លួន និងសមត្ថភាពរបស់ខ្លួនក្នុងការធានាសន្តិសុខថាមពលជាតិ។
លោកបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការពង្រឹងនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅក្នុងវិស័យថាមពល ដោយធ្វើការអភិវឌ្ឍប្រព័ន្ធថាមពលប្រភេទថ្មីឱ្យលឿនជាងមុន និងលើកកម្ពស់ការផ្លាស់ប្តូរបៃតងនិងកាបូនទាបក្នុងការផលិត និងប្រើប្រាស់ថាមពល។
លោកនាយករដ្ឋមន្ត្រីរូបនេះបានកត់សម្គាល់ថា កិច្ចខិតខំប្រឹងប្រែងគួរតែត្រូវបានធ្វើឡើងដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញពីសក្តានុពលនៃការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ លើកកម្ពស់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលឱ្យស្អាត និងមានប្រសិទ្ធភាពជាបន្តបន្ទាប់ និងពន្លឿនការសាងសង់បណ្តាញអគ្គិសនីប្រភេទថ្មី។
លោក លី បាននិយាយថា ការសម្របសម្រួលសន្តិសុខថាមពល និងការផ្លាស់ប្តូរបៃតង គឺជាកិច្ចការជាប្រព័ន្ធ ដែលតម្រូវឱ្យមានការពង្រឹងកំណែទម្រង់ស្ថាប័ន និងនវានុវត្តន៍។ លោកក៏បានអំពាវនាវផងដែរឱ្យមានកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការអភិវឌ្ឍទីផ្សារជាតិដែលរួបរួមគ្នានៅក្នុងវិស័យអគ្គិសនី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





