សមាជិកសភាជាន់ខ្ពស់ចិនជួបជាមួយប្រធានាធិបតីម៉ូសំប៊ិក
AKP ភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ -- លោក ហ្សៅ ឡេជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ បានជួបជាមួយលោក ដាញ៉ែល ហ្វ្រង់ស៊ីស្កូ ឆាប៉ូ (Daniel Francisco Chapo)ប្រធានាធិបតីនៃសាធារណរដ្ឋម៉ូសំប៊ិក នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ។
លោក ហ្សៅ បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសម៉ូសំប៊ិក ក្រោមការណែនាំនៃការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ ដើម្បីបន្តមិត្តភាពប្រពៃណី ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក បង្កើនការផ្លាស់ប្តូរប្រជាជន និងវប្បធម៌និងអនុវត្តន៍យ៉ាងពេញលេញនូវលទ្ធផលនៃកិច្ចប្រជុំកំពូលទីក្រុងប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។
លោក ហ្សៅ បានបន្ថែមថា ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយម៉ូសំប៊ិករវាងស្ថាប័ននីតិប្បញ្ញត្តិ ចែករំលែកបទពិសោធន៍ក្នុងវិស័យដូចជា កំណែទម្រង់ និងអភិវឌ្ឍន៍ ការកសាងនីតិរដ្ឋ និងការរស់ឡើងវិញនៅជនបទ និងផ្តល់កម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសរៀងៗខ្លួន។
លោក ឆាប៉ូ បាននិយាយថា ប្រទេសម៉ូសំប៊ិកប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវគោលការណ៍ចិនតែមួយ គាំទ្រយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមសកលសំខាន់ៗចំនួនបួនដែលស្នើឡើងដោយប្រទេសចិន និងមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិន លើកកម្ពស់ការផ្លាស់ប្តូររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





