សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជាង៥០នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និង Online Scam នៅខុនដូរ ZHUOYUFENGស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦---
ជនបរទេសសរុបចំនួន ៥៥នាក់ មាន ៧សញ្ជាតិផ្សេងគ្នាត្រូវបានកម្លាំងនៃគណៈអភិបាលរាជធានីភ្នំពេញឃាត់ខ្លួន ក្នុងនោះមាន ៤៤នាក់ ត្រូវបានរកឃើញថា គ្មានលិខិតឆ្លងដែន និងលើសទិដ្ឋាការ និងជនជាតិវៀតណាម ១១នាក់ (ស្រី្ត ៣នាក់) មានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។នេះបើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ប្រភពបានលើកឡើងថាការ ឃាត់ ខ្លួនជនបរទេសខាងលើនេះធ្វើឡើងនៅថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២៦ នៅខុនដូរ ZHUOYUFENG អគារលេខ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹង មានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាពីឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញដោយមានការសម្របសម្រួលនីតិវិធីច្បាប់ ពីលោក សេង ហៀង និង លោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
ប្រភពបានឲ្យដឹងទៀតថាក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញសម្ភារៈបច្ចេកទេសជាច្រើនដែលបម្រើឱ្យសកម្មភាពឆបោករួមមានៈ កុំព្យូទ័រយួរដៃ១៤ គ្រឿង, ទូរសព្ទដៃ៦គ្រឿង និងគ្រឿងញៀនចម្រុះមានទម្ងន់សរុបប្រហែល១០គីឡូក្រាម។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញបានឱ្យដឹងថា ក្រុមនេះ ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានគោលដៅប្រទេសវៀតណាម ក្រោមរូបភាពអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់ក្នុងWebsite ទិញទំនិញ ដើម្បីក្លាយជាសមាជិក VIP ហើយសន្យាថា នឹងទទួលបានប្រាក់ចំណេញច្រើន។

បច្ចុប្បន្នទាំងមនុស្សនិងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូលជាធរមានកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។

សូមជម្រាបថាច្បាប់នេះមាន៥ជំពូក និង២៤មាត្រា ។ ជាមួយច្បាប់ នេះ បទ ល្មើស ព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបាន បង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការ អនុវត្ត គឺរួមមានៈ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើស ផងដែរ ៕

ដោយ៖ ប៊ុនរិទ្ធ,ប្រភព៖លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)





