សម្តេចតេជោ ហ៊ុន សែន៖ ព្រះរាជសុខភាពព្រះមហាក្សត្រមានភាពប្រសើរ អាចមានបន្ទូលឆ្លើយឆ្លងជាមួយសម្តេចធម្មតា
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦--សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ឲ្យដឹងថា ព្រះរាជសុខភាពព្រះមហាក្សត្រក្រោយធ្វើការវះកាត់ព្យាបាលមានភាពប្រសើរ ហើយអាចមានព្រះរាជបន្ទូលឆ្លើយឆ្លងជាមួយសម្តេចបានជាធម្មតា។

សម្តេចតេជោហ៊ុន សែនបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦យ៉ាងដូច្នេះថា៖" ម៉ោង៩និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះខ្ញុំបានចូលគាល់សួរសុខទក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យរយៈពេលប្រមាណ៨នាទី"។
សម្តេចតេជោបានគូសបញ្ជាក់ថា៖" ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើងព្រះអង្គមានរាជបន្ទូល ឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតាទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូម ដែលជាទម្លាប់ធម្មតានៃអ្នកជំងឺក្រោយ ការវះកាត់ក៏ដោយ"។
សម្តេចតេជោបានលើកឡើងទៀតថា តាមរយៈខ្ញុំព្រះករុណាខ្ញុំព្រះអង្គសូមផ្ញើ ការសាកសួរសុខទុក្ខនិងប្រគេនពរ ចំពោះព្រះសង្ឃនិងប្រជាពលរដ្ឋ ដោយការនឹករលឹក៕
ដោយ៖ប៊ុនរិទ្ធ





