ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២៣ នាពេលខាងមុខនេះ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម ផែង សុវិជ្ជនោ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដឹកនាំក្រុមការងារចូលរួមចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២៣ ដែលដឹកនាំដោយ ឯកឧត្តមសន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ដោយមានការចូលរួមផងដែរពីអាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគម្រោង ក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីខាងលើអាចប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការ ដែលបានគ្រោងទុក។

ពិធីសម្ពោធផ្លូវជាតិខាងលើនឹងប្រព្រឹត្តទៅនាពេលខាងមុខ នៅចំណុចគល់ស្ពានកោះធំ ត្រើយខាងកើតស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី។

ថ្លែងក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារទទួលបន្ទុកគ្រប់ផ្នែកពាក់ព័ន្ធត្រៀមរៀបចំបំពេញភារកិច្ចរបស់ខ្លួននីមួយៗឱ្យបានច្បាស់លាស់ និងសហការគ្នាឱ្យបានជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីញ៉ាំងឱ្យថ្ងៃដំណើរការកម្មវិធីនាឱកាសនោះអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសាធារណការ)





