លើកពេលជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុមបឹងកេតនិងព្រះខ័នរាជស្វាយរៀង ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦--ជំនួបប្រកួតវគ្គពាកកណ្តាលផ្តាច់ព្រ័ត្ររវាងក្រុមបឹងកេត និងព្រះខ័នរាជស្វាយរៀងនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិត្រូវបានលើកពេល ដោយការលើកពេលនេះ ដោយសារក្រុមព្រះខ័នរាជស្វាយរៀង ជាប់ភារកិច្ចចេញទៅប្រកួតបង្គ្រប់កិច្ចពានរង្វាន់ជើងឯកក្លឹបបាល់ទាត់អាស៊ីអាគ្នេយ៍ ជាមួយក្រុម Bangkok United របស់ថៃ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅទឹកដីកណ្ដាល នាទីក្រុងហាណូយ ប្រទេសវៀតណាម។

នេះបើតាមការបញ្ជាក់ពីលេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC ជាអ្នកគ្រប់គ្រងការរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ ក្រុមការងារបច្ចេកទេសនៃគណៈកម្មការបានសម្របសម្រួលរៀបចំនូវកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្លឹបបាល់ទាត់ បឹងកេត និងក្លឹបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ចំពោះការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ត្រូវបានតំណាងក្លឹបទាំងពីរបានឯកភាពគ្នា ដោយលើកការប្រកួតសម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ទៅប្រកួត នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ បឹងកេត ប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៦:០០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ អូឡាំពិក (ជើងទី១) ខណៈជើងទី២ គ្រោងនឹងធ្វើឡើង នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦ រវាងក្រុមព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ បឹងកេត នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។

ដោយឡែកសម្រាប់ការប្រកួតរវាងក្រុមវិសាខា និងអាយអេសអាយដង្កោសែនជ័យ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរមិនមានការប្រែប្រួលនោះទេ ដោយរក្សានៅកាលបរិច្ឆេតដដែល ដោយជើងទី១ ថ្ងៃទី២២ ខែមេសា និងជើងទី២ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៕
ដោយ ហេង ណាលីន (រូបភាព៖ CNCC)





