លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ រួមទាំងបច្ច័យថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ --
លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នេះ បានអញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យមួយចំនួនធំដែលជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ថ្វាយចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សារបស់សម្តេចជាអម្ចាស់គម្រប់១០២ យាងចូល១០៣ព្រះវស្សា។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើថ្វាយព្រះពរពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាទីឃាយុយឺនយូរ ដើម្បីបន្តគង់ប្រថាប់ជាម្លប់ទ្រទ្រង់វិស័យព្រះពុទ្ធសាសនាអស់កាលជាអង្វែងតរៀងទៅ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





