ប្រជាពលរដ្ឋនៅតែ បន្ដចូលមកលេងកម្សាន សង្ក្រានឆ្នាំថ្មី ថ្ងៃទី៤យ៉ាងច្រើន នៅរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ – ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញ នៅមិនទាន់បិទបញ្ជប់នូវឡើយទេ ពោលគឺ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ នៅតែបន្តមកដើរលេងកម្សាន្តយ៉ាងច្រើនកុះករដដែល សម្រាប់ថ្ងៃ០៤ នៃពិធី និងត្រូវនឹងថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៦ ។

នៅល្ងាចនិងរាត្រីថ្ងៃទី១៧ មេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អមដោយឯកឧត្ដមអភិបាលរងរាជធានីប្រធានមន្ទីរចំណុះរដ្ឋបាលរាជធានីនិងលោកស្រីនាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីបាន អញ្ជើញទស្សនាការដេីរលេងកម្សាន្ត របស់ បងប្អូន ប្រជាពលរដ្ឋ ក៏ដូចជា ការ តាំងលក់ដូរ របស់ បងប្អូន អាជីវករ ក្នុងព្រឹត្តិការណ៍ «នគរ សង្រ្កាន្ត » ដោយបានទស្សនាការលេងអុកចត្រង់ដែលកំពុងប្រកួតគ្នាយ៉ាងស្វិតស្វាញនៅក្នុងភូមិវប្បធម៌។
លោកស្រី ដោ សម្ផស្ស នាយិការរងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ការចុះ មកទីតាំងសប្បាយភាពនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងរដ្ឋបាលរាជធានីភ្នំពេញនៅល្ងាចនិងរាត្រីថ្ងៃទី១៧ មេសាឆ្នាំ២០២៦នេះ របស់ឯកឧត្តម ឃួង ស្រេងនិងលោកជំទាវគឺ ដើម្បីទស្សនា ការ ដេីរលេង កម្សាន្ត របស់ បងប្អូន ប្រជាពល រដ្ឋ ក៏ដូចជា ការ លក់ដូរ របស់ បងប្អូន អាជីវករ ក្នុងព្រឹត្តិការណ៍ «នគរ សង្រ្កាន្ត »នេះ។

សូមបញ្ជាក់ថា៖ រយះពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិមកដើរលេងកម្សាន្តនៅភ្នំពេញមានចំនួនរហូតជាង៤លាន៣សែននាក់ ពោរពេញដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាពប្រកបដោយសុខសុវត្ថិភាព។
នៅរាជធានីភ្នំពេញ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានបងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន៩៨៣,០៨០នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន៧,០៦៨នាក់ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី មាន បងប្អូនប្រជាពលរដ្ឋ មកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត១,៥៦៥,៣៦៧នាក់ ក្នុងនោះភ្ញៀវទេសចរបរទេស ចំនួន១៧,៩៤០នាក់និងសម្រាប់ថ្ងៃទី៣មានចំនួន១,៨២៧, ៩៩០នាក់ ។បន្ថែមលើនេះ ទាក់ទិននឹងសុខសុវត្ថិភាព ក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ ក៏មានភាពល្អប្រសើរ ប្រជាពលរដ្ឋដើរលេងកម្សាន្តដោយភាពសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពោលគឺពុំមានហេតុការណាមួយ បង្កជាគ្រោះថ្នាក់ធំដុំឡើយ ។

សូមបញ្ជាក់ផងដែរថា ឆ្នាំនេះព្រឹត្តិការណ៍ នគរសង្ក្រាន្ត ត្រូវបានរៀបចំឡើង រយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលរៀប ចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស. យ.ក. និងរដ្ឋបាលរាជធានីភ្នំពេញ ដែលគិតមកដល់ ពេលនេះ បានឈានដល់ថ្ងៃទី០៤ហើយ នៅសល់ ២ថ្ងៃទៀត គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។ដូច្នេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋបន្តមកលេងកំសាន្តឱ្យបានច្រើនកុះករបន្ថែមទៀត៕
ដោយ៖ សួស សំរិត





