កងទ័ពលីបង់រាយការណ៍ពីការរំលោភលើបទឈប់បាញ់របស់អ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ -- កងទ័ពលីបង់បាននិយាយនៅព្រឹកថ្ងៃសុក្រនេះថា ខ្លួនបានកត់ត្រានូវការរំលោភបំពានបទឈប់បាញ់ជាច្រើនដោយអ៊ីស្រាអែល រួមទាំងការបាញ់ផ្លោងដោយចៃដន្យទៅលើភូមិមួយចំនួននៅភាគខាងត្បូងប្រទេសលីបង់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិច (X) កងទ័ពលីបង់បាននិយាយថា ខ្លួនបានកត់ត្រានូវការវាយប្រហាររបស់អ៊ីស្រាអែលមួយចំនួនចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ (ម៉ោងក្នុងស្រុក)។
កងទ័ពបានជំរុញឱ្យប្រជាពលរដ្ឋពន្យារពេលការវិលត្រឡប់ទៅកាន់ភូមិ និងទីប្រជុំជនភាគខាងត្បូងវិញ ដោយបាននិយាយថា ការរំលោភបំពានទាំងនេះនៅតែបន្តបង្កការគំរាមកំហែងដល់ជនស៊ីវិល។
កងទ័ពក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគោរពតាមការណែនាំ ដែលចេញដោយអង្គភាពកងទ័ពដែលដាក់ពង្រាយនៅភាគខាងត្បូង ជាពិសេសនៅពេលយប់ និងជៀសវាងការចូលទៅជិតតំបន់គ្រោះថ្នាក់។
នៅប៉ុន្មានម៉ោងមុននេះ កងទ័ពបានចេញការព្រមានស្រដៀងគ្នានេះដោយជំរុញឱ្យប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងវិញទេ រហូតដល់បទឈប់បាញ់ចូលជាធរមាន។
កងទ័ពលីបង់ក៏បានព្រមានអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រាប់មិនទាន់ផ្ទុះ និងវត្ថុគួរឱ្យសង្ស័យដែលបន្សល់ទុកដោយការវាយប្រហាររបស់អ៊ីស្រាអែលផងដែរ ដោយជំរុញឱ្យប្រជាពលរដ្ឋរាយការណ៍ទៅកាន់ប៉ុស្តិ៍យោធាដែលនៅជិតបំផុត។
បទឈប់បាញ់រយៈពេល ១០ថ្ងៃរវាងប្រទេសលីបង់ និងអ៊ីស្រាអែលបានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រ (ម៉ោងក្នុងស្រុកថ្ងៃសុក្រ)។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសពីបទឈប់បាញ់នេះបន្ទាប់ពីអ្វីដែលលោកបានពិពណ៌នាថា ជាការសន្ទនាដ៏ល្អឥតខ្ចោះ ជាមួយប្រធានាធិបតីលីបង់ លោក ចូសេហ្វ អាអួន (Joseph Aoun) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





