ឥណ្ឌូណេស៊ីគ្រោងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងនាវាមុជទឹកគ្មានមនុស្សបើក សម្រាប់ការល្បាតកងទ័ពជើងទឹកប្រកបដោយប្រសិទ្ធភាព
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ -- កងទ័ពជើងទឹកឥណ្ឌូណេស៊ី(TNI AL) បានប្រកាសពីផែនការដើម្បីបង្កើនការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងនាវាមុជទឹកគ្មានមនុស្សបើកក្នុងបេសកកម្មល្បាតសមុទ្រដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដែលជាផ្នែកមួយនៃរបៀបវារៈប្រសិទ្ធភាពថាមពលកាន់តែទូលំទូលាយ។
លោកឧត្តមនាវីឯក មូហាំម៉ាដ អាលី (Muhammad Ali) ប្រធានសេនាធិការកងទ័ពជើងទឹកឥណ្ឌូណេស៊ី (TNI AL) បានពន្យល់ថាឧបករណ៍ការពារជាតិទាំងពីរប្រភេទនេះនឹងត្រូវបានបម្រើក្នុងតួនាទីគាំទ្រដល់នាវាកងទ័ពជើងទឹកដែលកំពុងប្រតិបត្តិការនៅទូទាំងដែនទឹកឥណ្ឌូណេស៊ី។
លោកបាននិយាយថា ផែនការនេះ គឺដើម្បីផ្តល់អាទិភាពដល់ការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដោយសារវាផ្តល់នូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ លើសពីនេះ នាវាមុជទឹកស្វ័យប្រវត្តិនឹងត្រូវបានប្រើប្រាស់ដើម្បីធ្វើការឃ្លាំមើលក្រោមទឹក។
លោក អាលី បានពន្យល់បន្ថែមទៀតថា ការប្រើប្រាស់ប្រេងម៉ាស៊ូតជីវសាស្រ្ត (B50) ត្រូវបានគេរំពឹងថានឹងកាត់បន្ថយការពឹងផ្អែកលើប្រេងឆៅក្នុងចំណោមនាវាដែលត្រូវបានចាត់តាំងឱ្យបំពេញបេសកកម្មល្បាត ឬដឹកជញ្ជូនដោយមិនធ្វើឱ្យប៉ះពាល់ដល់ភាពរហ័សរហួន និងប្រសិទ្ធភាពរបស់កិច្ចការងារ។
ក្នុងពេលជាមួយគ្នានោះដែរ ប្រធានទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិ (BRIN) លោក អារីហ្វ សាទ្រីយ៉ា (Arif Satria) បាននិយាយថាទីភ្នាក់ងារនេះកំពុងអភិវឌ្ឍន៍សារធាតុបន្ថែមឧស្សាហកម្មមួយ ហៅថាxanthan gum ដើម្បីកែលម្អប្រសិទ្ធភាពនៃដំណើរការផលិតប្រេង និងឧស្ម័ននៅក្នុងប្រទេសឥណ្ឌូណេស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





