ទីក្រុងប៉េកាំងបដិសេធការគំរាមកំហែងដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រេងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ -- កាលពីថ្ងៃព្រហស្បតិ៍ប្រទេសចិនបានថ្កោលទោសចំពោះការគំរាមកំហែងរបស់សហរដ្ឋអាមេរិកក្នុងការដាក់ទណ្ឌកម្មបន្ទាប់បន្សំលើធនាគារចិនពីរ ដោយបានហៅវិធានការបែបនេះថា «ជាអំពើខុសច្បាប់» និងខ្វះការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ចៀគុន (Guo Jiakun)បានថ្លែងក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយនៅទីក្រុងប៉េកាំងថា«ប្រទេសចិនប្រឆាំងនឹងទណ្ឌកម្មឯកតោភាគីខុសច្បាប់ដោយគ្មានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
ការកត់សម្គាល់របស់លោក គូ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក ស្កុតត៍ បេសសេនត៍ (Scott Bessent)បាននិយាយកាលពីថ្ងៃពុធក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយថាសហរដ្ឋអាមេរិកបានផ្ញើលិខិតទៅកាន់ធនាគារចិនពីរ ដោយបានបញ្ជាក់ថា«ប្រសិនបើយើងអាចបញ្ជាក់ថាមានប្រាក់អ៊ីរ៉ង់ហូរចូលគណនីរបស់អ្នក នោះយើងមានឆន្ទៈក្នុងការដាក់ទណ្ឌកម្មបន្ទាប់បន្សំ»។
លោក បេសសេនត៍ ក៏បាននិយាយផងដែរថា ប្រទេសចិនធ្លាប់ទិញប្រេងអ៊ីរ៉ង់ជាង ៩០% ដែលមានប្រហែល ៨% នៃតម្រូវការថាមពលរបស់ប្រទេសចិន។
លោកក៏បានសម្តែងការជឿជាក់របស់ទីក្រុងវ៉ាស៊ីនតោនផងដែរថាជាមួយនឹងការបិទផ្លូវរបស់សហរដ្ឋអាមេរិកនៅច្រកសមុទ្រហ័រមុស នឹងធ្វើឱ្យមានការផ្អាកការទិញរបស់ចិន»។
សហរដ្ឋអាមេរិកបានដាក់ការបិទផ្លូវកងទ័ពជើងទឹកលើកំពង់ផែអ៊ីរ៉ង់បន្ទាប់ពីកិច្ចចរចាដោយផ្ទាល់ដ៏កម្ររវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នៅក្នុងប្រទេសប៉ាគីស្ថាន កាលពីចុងសប្តាហ៍មុន ដែលមានគោលបំណងបញ្ចប់សង្គ្រាម ដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ប៉ុន្តែមិនបានឈានដល់កិច្ចព្រមព្រៀងណាមួយទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





