ប្រទេសចិន៖ ការនាំសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រឡប់មកកាន់តុចរចាវិញ គឺជាអាទិភាពចម្បង
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ -- ប្រទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «អាទិភាពចម្បង» របស់ខ្លួននៅតែជាការនាំយកសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ត្រឡប់ទៅកាន់តុចរចាវិញ និងស្វែងរកដំណោះស្រាយនយោបាយដើម្បីបញ្ចប់ជម្លោះ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលជួបជាមួយឧបនាយករដ្ឋមន្ត្រីអ៊ីតាលី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក អេនតូនីញ៉ូ តាចានី (Antonio Tajani) នៅទីក្រុងប៉េកាំង។
លោក វ៉ាង បាននិយាយថា «សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់មិនគួរកើតឡើងទេ ហើយការអូសបន្លាយរបស់វាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខថាមពលអន្តរជាតិ និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមុស»។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានធ្វើការពិភាក្សាគ្នាលម្អិតអំពីវិបត្តិមជ្ឈិមបូព៌ាដែលកំពុងវិវត្ត ដោយប្រទេសចិនបានព្រមានថា ជម្លោះដែលកំពុងបន្តបានរំខានដល់ការផ្គត់ផ្គង់ថាមពលជាសកល និងផ្លូវសមុទ្រសំខាន់ៗ។
ទីក្រុងប៉េកាំងបានបញ្ជាក់សារជាថ្មីនូវជំហរយូរអង្វែងរបស់ខ្លួនថាជម្លោះគួរតែត្រូវបានដោះស្រាយតាមរយៈកិច្ចសន្ទនា ដោយប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការកើនឡើងនៃភាពតានតឹងផ្នែកយោធា។
លោក វ៉ាង បានសង្កត់ធ្ងន់ថា ពួកគេបានរក្សាវិធីសាស្រ្តអព្យាក្រឹត និងមានតុល្យភាព ខណៈដែលកំពុងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពយ៉ាងសកម្ម។
លោកក៏បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមសម្របសម្រួល រួមទាំងគំនិតផ្តួចផ្តើមរបស់ប៉ាគីស្ថាន និងបានបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តចូលរួមជាមួយគ្រប់ភាគីទាំងអស់ ដើម្បីជួយបន្ធូរបន្ថយភាពតានតឹង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





