លោក ដូណាល់ ត្រាំ និយាយថា មេដឹកនាំអ៊ីស្រាអែល និងលីបង់ នឹងជួបពិភាក្សាគ្នានៅថ្ងៃព្រហស្បតិ៍នេះ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីល្ងាចថ្ងៃពុធថាមេដឹកនាំអ៊ីស្រាអែល និងលីបង់ នឹងពិភាក្សាគ្នាដោយផ្ទាល់ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះក្នុងរយៈពេលប្រហែលបីទសវត្សរ៍។
លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកកាលពីថ្ងៃពុធថា «កំពុងព្យាយាមរកកន្លែងសម្រាកលំហែកាយរវាងអ៊ីស្រាអែល និងលីបង់។ វាជាយូរណាស់មកហើយ ចាប់តាំងពីមេដឹកនាំទាំងពីរបានជួបនិយាយគ្នា ដូចជា ៣៤ឆ្នាំមុន។ វានឹងកើតឡើងម្តងទៀតនៅថ្ងៃស្អែក»។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំមួយដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ នៅក្រសួងការបរទេសសហរដ្ឋអាមេរិក រវាងឯកអគ្គរដ្ឋទូតលីបង់លោក ណាដា ហាម៉ាដេ (Nada Hamadeh) និងឯកអគ្គរដ្ឋទូតអ៊ីស្រាអែលលោក យ៉េឈីល ឡៃទ័រ (Yechiel Leiter) ដែលរៀបចំដោយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) រួមជាមួយឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសលីបង់ លោក មីឆែល អ៊ីសា (Michel Issa)ទីប្រឹក្សាក្រសួងការបរទេស លោក ម៉ៃឃើល នីដាម (Michael Needham)និងឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោក ម៉ៃ វ៉លត៍(Mike Waltz)។
ក្រុមហេសបូឡាមិនត្រូវបានតំណាងនៅក្នុងកិច្ចប្រជុំនោះទេ។
លោក ត្រាំ បាននិយាយកាលពីសប្តាហ៍មុនថា លោកបានស្នើសុំឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាត់បន្ថយការវាយប្រហារលើប្រទេសលីបង់ ហើយត្រូវបានគេប្រាប់ថា អ៊ីស្រាអែលនឹង «កាត់បន្ថយ» ប្រតិបត្តិការ។
អ៊ីស្រាអែលបានបន្តវាយប្រហារនៅប្រទេសលីបង់ភាគខាងត្បូងបន្ទាប់ពីការវាយប្រហារឆ្លងកាត់ព្រំដែនដោយក្រុមហេសបូឡានៅថ្ងៃទី០២ខែមីនា បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ខែវិច្ឆិកា ឆ្នាំ២០២៤ក៏ដោយ។
អាជ្ញាធរសុខាភិបាលលីបង់បាននិយាយថា មនុស្សជាង ២.០០០នាក់ត្រូវបានសម្លាប់ និងជាងមួយលាននាក់ត្រូវបានផ្លាស់ទីលំនៅចាប់តាំងពីខែមីនាមក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





