អាជ្ញាធរខេត្តកំពង់ឆ្នាំងប្រារព្ធពិធីស្រង់ទឹកព្រះ
AKP កំពង់ឆ្នាំង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦--
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីស្រង់ព្រះ នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ថ្ងៃចូលឆ្នាំទី៣ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ឯកឧត្តមលោកជំទាវ លោក លោកស្រី និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាថ្ងៃឡើងស័កអបអរសាទរក្នុងពិធីឆ្លងបុណ្យឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងបង្កើតកម្មវិធីសប្បាយៗជាច្រើនជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនយុវនារីមកលេងកម្សាន្ត។
ពិធីស្រង់ទឹកព្រះ ព្រះសង្ឃ មាតាបិតា គ្រូឧបជ្ឈាយាចារ្យ ខ្មែរយើង ច្រើនតែនិយមធ្វើនៅរដូវបុណ្យចូលឆ្នាំ ជាពិសេសនៅថ្ងៃដារឆ្លងបង្ហើយ។ នៅខែចេត្រ ដែលជារដូវចូលឆ្នាំថ្មី ហើយក៏ជាខែមួយ ដែលមានអាកាសធាតុក្តៅហែងផងនោះ នៅពេលយើងបានងូត ឬមុជទឹកមាន អារម្មណ៍ត្រជាក់កាយសប្បាយចិត្ត។ យ៉ាង ណាមិញព្រះសង្ឃ មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ ដែលពុទ្ធបរិស័ទ និងកូនចៅ ប្រុសស្រីបានស្រង់ទឹកជូនអ្នកដែលជាទី គោរពសក្ការៈក៏នឹងមានអារម្មណ៍ត្រជាក់ ត្រជំរីករាយពន់ពេក។ ជាមួយនឹងអារម្មណ៍ត្រេកអរនេះទើប លោកមានចិត្តរំភើបឱ្យពរជ័យដល់កូនចៅគ្រប់រូបសមប្រកបតែសេចក្តីសុខចម្រុងចម្រើនរកស៊ីទទួលទានកាន់តែមានបានពី មួយឆ្នាំទៅមួយឆ្នាំ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តទៀតថា អ្នកដែលបានស្រង់ទឹកព្រះសង្ឃ មាតាបិតា គ្រូ ឧបជ្ឈាយាចារ្យទទួលបានផលានិសង្សច្រើន ណាស់ ហើយអនាគតជាតិនឹងបានទៅ កើតក្នុងឋានទេវលោកបានសេចក្តីសុខ គ្រប់បែបយ៉ាង។ ស្រង់ទឹកតែតំណាងព្រះបដិមាករមួយវគ្គសិន លុះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចាស់ព្រឺទ្ធាចារ្យ អ្នកមានគុណជិតឆ្ងាយចូលរួមក្នុងពិធីស្រង់ទឹក ដែលធ្វើឡើងដោយទូលំទូលាយនៅវាលសួនកុមារ និងញ៉ាំងកម្មវិធីនេះជូនដល់ប្រជាពលរដ្ឋអញ្ជើញចូលរួមយ៉ាងសប្បាយរីករាយផងដែរ។

ថ្លែងក្នុងបរិបទនេះ ឯកឧត្តមបានមានប្រសាសន៏បន្ថែមទៀតថា ល្បែងប្រជាប្រិយជាច្រើននៅទីតាំង វាលសួនកុមារសង្ក្រាន្ត ក្នុងសាលាខេត្តចាប់ពីម៉ោង១០ព្រឹក រហូតដល់ម៉ោង ១១យប់ ដោយក្រុមការងារបានរៀបចំឱ្យយុវជន យុវនារី មហាជនបានចូលលេងកម្សាន្តលេងល្បែងប្រជាប្រិយជាលក្ខណៈប្រមូលផ្តុំ ក្រោមការមើលខុសត្រូវផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ ពីកម្លាំងមានសមត្ថកិច្ចរយៈពេលបន្តទៀត រហូតដល់ថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦ ប្រកបដោយសុវត្ថិភាព ហើយក្នុងនោះក៏មានរៀ៍បចំកម្មវិធីស្រង់ព្រះ បាញ់ទឹកតាម រយៈរថយន្តបង្កលក្ខណៈសប្បាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ។ ដោយឡែកបានធ្វើការហាមឃាត់សកម្មភាពជិះម៉ូតូ ឬ រថយន្តគប់ទឹក ប៉ាតម្សៅ នៅតាមដងផ្លូវសាធារណៈ ដែលជាដើមចមឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងការបង្កភាពអនាធិបតេយ្យ នៅតាមដងផ្លូវសាធារណៈ ម្យ៉ាងទៀតការប្រមូលផ្តុំគា្នមក លេងកម្សាន្តនៅវាលសួនកុមារ អាចជួយកាត់បន្ថយនូវការលេងល្បែងស៊ីសងខុសច្បាប់ និងបញ្ចៀសនូវឧបសគ្គផ្សេងៗផងដែរ៕
ដោយ បៃ ស៊ីថុន





