រដ្ឋមន្ត្រីក្រសួងអប់រំចូលរួមក្បួនដង្ហែនគរសង្ក្រាន្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦--
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងកម្មវិធីក្បួនដង្ហែនគរសង្ក្រាន្តអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ នៅមុខវត្តឧណ្ណាលោម ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក អង្គទូត និងយុវជនស្ម័គ្រចិត្តពីគ្រប់មជ្ឈដ្ឋានសរុបប្រមាណ ១៥០០នាក់។

កម្មវិធីក្បួនដង្ហែនេះ ជាផ្នែកមួយនៃព្រឹត្តិការណ៍នគរសង្ក្រាន្ត ព.ស ២៥៧០ គ.ស ២០២៦ ដោយមានការចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធពីសំណាក់យុវជនចម្រុះស្ថាប័នក្នុងគោលបំណងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីគូសបញ្ជាក់ពីការរួបរួមសាមគ្គី និងឯកភាព ផ្សារភ្ជាប់ប្រជាជនកម្ពុជាគ្រប់រូបឱ្យក្លាយជាប្រជាជាតិដ៏រឹងមាំមួយ តាមរយៈការដើរជាក្បួនព្យុះហយាត្រា រួមជាមួយការសម្តែងលើដងវិថី ដែលបង្កប់នូវអត្ថន័យនៃ “ដំណើរនៃចង្វាក់បេះដូង ជាបេះដូងដែលមានសម្រាប់កម្ពុជា ហើយជាបេះដូងកម្ពុជា ដែលលោតក្នុងចង្វាក់តែមួយ”។

ក្បួនដង្ហែនគរសង្ក្រាន្ត មានឈ្មោះថា «សន្ធិការ» មានន័យថា ការផ្សារភ្ជាប់នេះ គឺជាការផ្សារភ្ជាប់នៃមនោសញ្ជេតនាជាបងជាប្អូននៃមហាគ្រួសារខ្មែរតែមួយ ជាការផ្សារភ្ជាប់រវាងខ្មែរ ដែលនៅក្នុងប្រទេស និងបង្ហោយអញ្ជើញប្រជាជនខ្មែរដែលនៅក្រៅប្រទេស ដើម្បីមកលេងប្រទេសកំណើតក្នុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយក៏ជាការឆ្លុះបញ្ចាំងនូវក្តីនឹករលឹកចំពោះបងប្អូនជនរួមជាតិ ដែលកំពុងភៀសសឹកដោយការឈ្លានពាន និងជាការចងចាំដឹងគុណចំពោះវីរយុទ្ធជនកម្ពុជា ដែលកំពុងបំពេញការងារ ការពារនៅតាមព្រំដែន និងបានលះបង់តស៊ូដើម្បីបុព្វហេតុជាតិមាតុភូមិរបស់យើង៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





