អភិបាលស្រុកស្ទោង លើកទឹកចិត្តដល់យុវជនត្រូវថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្ស
AKP កំពង់ធំ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦--
លោកអភិបាលស្រុកស្ទោងបានលើកទឹកចិត្តដល់យុវជនត្រូវថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរឱ្យបានគង់វង្សក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញកម្សាន្តសប្បាយសង្ក្រាន្តឆ្នាំថ្មីជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅវត្តឥន្ទរង្សី(វត្តហប់)ស្ថិតក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៥ ខែមេសាឆ្នាំ ២០២៦។

លោកសាយ គឹមឡមអភិបាលស្រុកបានមានប្រសាសន៍លើកឡើងថាយុវជនត្រូវនាំគ្នាកម្សាន្តសប្បាយឆ្នាំថ្មីប្រកបដោយការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ជាមួយនឹងការរាំលេងកម្សាន្ត ចង្វាក់រាំរបស់ខ្មែរ ការលេងល្បែងប្រជាប្រិយនានាជាពិសេសគឺការលេងកម្សាន្តសប្បាយដោយភាពទទួលខុសត្រូវ និងមានភាពថ្លៃថ្នូរ។

ទន្ទឹមនិងនេះលោក សាយ គឹមឡម បានណែនាំដល់យុវជនក៏ដូចជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូល ត្រូវកម្សាន្តសប្បាយជាមួយឆ្នាំថ្មីដោយការបើកបរឬបញ្ជាយានយន្តដោយគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងមានការយោគយល់អធ្យាស្រ័យគ្នាខ្ពស់ក្នុងការធ្វើដំណើរដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាពទាំងអស់គ្នា។

លោកសាយ គឹមឡមអភិបាលស្រុកស្ទោង និងភរិយាព្រមទាំងសហការី ក៏បានលេងល្បែងកម្សាន្តជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានដូចជាវាយក្អម និងទាញព្រ័តជាដើមហើយលោកក៏បានឧបត្ថម្ភដល់ព្រះគ្រូចៅអធិការអាចារ្យគណៈកម្មការវត្តនូវថវិកាចំនួន៤០ម៉ឺនរៀល។
គួរបញ្ជាក់ផងដែរថា សង្ក្រាន្តវត្តហប់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានអ្នកមកលេងកម្សាន្តប្រមាណជាង១ម៉ឺននាក់៕
ដោយ៖ ស៊ុម វណ្ណា





